(ស្ទឹងត្រែង)៖ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូព្រំដែនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលការដ្ឋាន និងសំណង់បម្រើឲ្យការកសាង កងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះឲ្យយោធភូមិភាគ១ នៅទិសតំបន់អូរតាង៉ាវ ព្រំដែនកម្ពុជា-ឡាវ។
ក្នុងឱកាសលោកទេសរដ្ឋមន្ត្រី ក៏បានដឹកនាំមន្ត្រីពាក់ព័ន្ធបន្តចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែនចំនួន៧ កងអង្គភាព ដែលបានឈរជើងនៅទីនោះ ដោយបានផ្តល់ជូននូវថវិកា និងគ្រឿងឧបភោគបរិភោគមួយ ចំនួនផងដែរ។
សូមរំលឹកថា កន្លងមកគណៈកម្មាធិការព្រំដែនកម្ពុជា តែងតែបន្តចុះត្រួតពិនិត្យបង្គោលព្រំដែននានា នៅតាមបន្ទាត់ព្រំដែននៅជាប់ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ ដើម្បីពិនិត្យស្ថានភាពប្រជាជន កម្លាំងឈរជើង និងបង្គោលព្រំដែន នៅតាមបន្ទាត់ព្រំដែនផងដែរ។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ធ្លាប់បានលេីកឡេីងថា ប្រទេសកម្ពុជា និងប្រទេសឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវ បោះបង្គោលព្រំដែនប្រមាណ១៤៥បង្គោល ប៉ុន្តែរហូតដល់ពេលនេះ ភាគីទាំងពីរបានបោះសម្រេចចំនួន ១២១បង្គោលហើយ ស្មើនឹង៨៣ភាគរយ នៅសល់ប្រមាណ ២៤បង្គោលទៀត ហើយចំណុចដែលនៅសេសសល់នោះ ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕