(ព្រះសីហនុ)៖ សម្ដេចតេជោ ហ៊ុន សែន បុរសខ្លាំងដែលបាននិងកំពុងនាវាដឹកនាំកម្ពុជា ប្រកបដោយភាពជោគជ័យជាង៣០ឆ្នាំមកនេះ បានប្រកាសជាលើកដំបូងថា កម្ពុជាបច្ចុប្បន្ននេះ ចាប់ផ្ដើមខ្វះនូវកម្លាំងពលកម្មជាបណ្ដើរៗហើយ កង្វះកម្លាំងពលកម្ម ក៏ដោយសារបច្ចុប្បន្នបានលេចឡើងនូភាពសម្បូរការងារធ្វើ ដែលបានផ្ដល់នូវជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋ នេះក៏ដោយសារសម្ដេចបានសង្កេតឃើញមានក្រុមហ៊ុននានា កំពុងប្រកួតប្រជែងគ្នាជ្រើសរើសបុគ្គលិកបម្រើការងាររៀងៗខ្លួនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេចបន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺន១ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា គ.ស ២០១៨។
ក្នុងន័យពញ្ញាក់ស្មារតីដល់ម្ចាស់ ឬនិយោជកសហគ្រាស គ្រឹះស្ថានការងារនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានប្រកាសថា បច្ចុប្បន្នកម្ពុជាចាប់ផ្ដើមខ្វះនូវបុគ្គលិក បម្រើការងារជាបណ្ដើរៗហើយ ជាក់ស្ដែងដូចជាក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបជាដើម ក៏កំពុងខ្វះនូវកម្លាំងពលកម្មដ៏ច្រើនផងដែរ នេះក៏ដោយសារការរីកលូតលាស់នូវរោងចក្រ សហគ្រាស គ្រឹះស្ថានការងារពាសពេញផ្ទៃប្រទេស នាំឲ្យមានភាពសម្បូរការងារធ្វើ ជាហេតុផ្ដល់នូវជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋ។
ជាមួយនឹងអនុសាសន៍គន្លឹះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា «ឥលូវនេះ សម្រាប់កម្ពុជាចាប់ផ្ដើមខ្វះកម្លាំងពលកម្មហើយ ក្រុមហ៊ុននានាចាប់ផ្ដើមប្រកួតប្រជែងហើយ ដើម្បីប្រកួតប្រជែងបាន ខ្ញុំសុំផ្ដល់ជាអនុសាសន៍សម្រាប់ក្រុមហ៊ុនទាំងអស់នៅទូទាំងប្រទេស មានតែពីរទេ ដែលជាចំណុចទាក់ទាញសម្រាប់ឲ្យកម្មករទៅធ្វើការនៅកន្លែងរបស់ខ្លួន៖ ទី១៖ ប្រាក់បៀវត្សត្រូវតែខ្ពស់ ទី២៖ មានផ្ទះនៅ»។
សម្ដេតេជោ ហ៊ុន សែន បានបន្តថា ថ្វីដ្បិតប្រាក់ឈ្នួលកម្មករនៅកម្ពុជា ទាបជាងនៅប្រទេសថៃក៏ពិតមែន ប៉ុន្តែក៏មិនទាបជាងណាស់ណាដែរ ព្រោះរាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួល អប្បបរមាជូនកម្មករយ៉ាងពេញចិត្ត ហើយនៅតែបន្តដំឡើងជូនជារៀងរាល់ឆ្នាំ។ ក្នុងន័យនេះ សម្ដេចចង់បញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលមិនគិតគូរដល់ពលករកម្ពុជានៅក្រៅប្រទេសនោះទេ ពោលរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ ចំពោះពលកររបស់ខ្លួននៅក្រៅប្រទេសផងដែរ។
លើសពីនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្ដេជ្ញាថា សម្ដេចនឹងធ្វើដំណើរទៅជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីនៅទូទាំងប្រទេស ដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានារបស់កម្មករនិយោជិតដល់មូលដ្ឋានផ្ទាល់តែម្ដង។
នាយករដ្ឋមន្ត្រីដ៏មានសន្ដានចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៏មិនភ្លេចដាស់តឿនកម្មករ-កម្មការិនីឲ្យចូលរួមថែរក្សាការងារ និងប្រាក់ឈ្នួលរបស់ខ្លួន តាមរយៈការពូនជ្រុំសាមគ្គីគ្នា ថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាល ដែលជាកំផែងការពារប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ដោយសម្ដេចបានថ្លែងបន្តយ៉ាងដូច្នេះថា «អ្វីដែលពូចង់និយាយាសម្រាប់ក្មួយៗមុនគេបង្អស់ ដើម្បីធានាថាការងាររបស់យើងមានបន្តទៀត ប្រាក់ចំណូលរបស់យើងមានបន្តទៀត និងការកើនឡើងនៃប្រាក់ចំណូល ជម្រើសដែលល្អជាងគេ គឺត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន គ្មានសន្តិភាព នឹងគ្មានការអភិវឌ្ឍនោះទេ»៕