(កំពត)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញបើកជាផ្លូវការ នៃការសូត្រលើកទី២៧ និងប្រឡងចាំមាត់លើកទី១ នៃគម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិ ឆ្នាំ២០១៨ នៅវិហារឥស្លាម ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូរ ខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី លោកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ហាកឹម តួន សាសនិកឥស្លាម ករី ករីអះ យុវជន ជាច្រើនកុះករ បេក្ខជនជាប់ជ័យលាភីទាំងបុរស និងស្ត្រី នឹងត្រូវបានអព្ជើាញទៅចូលរួមប្រឡងសូត្រ ជាលក្ខណៈអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត។
ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា មានសិទ្ធិសេរីភាពយ៉ាងពេញលេញ ចំពោះបុគ្គលគ្រប់រូប ក្នុងការសម្រេចចិត្ត គោរពប្រតិបត្តិតាមជំនឿសាសនា ដែលខ្លួនពេញចិត្តរៀងៗខ្លួន ពិសេសរាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយដោយបង្កលក្ខណៈងាយស្រួល ក្នុងការប្រារព្ធពិធី តាមជំនឿក្នុងសាសនា របស់សហគមន៍ឥស្លាមផងដែរ។
រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងខិតខំយ៉ាងសកម្មបំផុតក្នុងការរក្សាសន្តិភាព ស្ថេរភាព សុវត្ថិភាព ការពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចជាតិ និងការធ្វើឲ្យមានវឌ្ឍនភាពវប្បធម៌ ប្រពៃណី ក៏ដូចជាការបង្កនូវបរិយាកាសយោគយល់ ចុះសម្រុងគ្នា និងភាពសុខដុមរមនា រវាងសាសនិកនៃសាសនាទាំងឡាយនៅកម្ពុជា ដើម្បីឈានទៅកាន់ការអភិវឌ្ឍសង្គមជាតិ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងគាំទ្រ ចំពោះប្រធានបទដែលបានដាក់ចេញ នៅក្នុងពិធីសូត្រលើកទី២៧ ឆ្នាំ២០១៨ នេះគឺ «ឥស្លាម និងសីលធម៌» ដែលពិតជាបង្ហាញពីគុណធម៌របស់គម្ពីរសាសនាឥស្លាម ដែលនឹងត្រូវស្តែងចេញជាសកម្មភាពជាក់ស្តែង និងរស់រវើក នៅក្នុងសហគមន៍ឥស្លាម ក្នុងការឆ្លើយតបទៅនឹងបរិបទពិភពលោក ជាពិសេសរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជាតិ ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសីលធម៌ជាអាទិភាព។
លោក ហ៊ឹម ឆែម ក៏បានថ្លែងកោតសរសើរ ចំពោះលោកឧកញ៉ាចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័នឯកជននានា នៃសហគមន៍ឥស្លាម ដែលបានបំពេញការងាររៀងៗខ្លួន ជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងល្អដើម្បីសម្រេចលទ្ធដ៏ល្អប្រសើរ៕
សូមបញ្ជាក់ថា ពិធីនេះប្រារព្ធធ្វើឡើងក្នុងស្ថានភាព និងកាលៈទេសៈ នៃប្រទេសជាតិយើងមានសុខសន្តិភាព សេរីភាពពេញទីខាងការប្រតិបត្តិជំនឿ សាសនា មានការអភិវឌ្ឍ និងសុខដុមរមនីមកម្ម ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា៕