(ភ្នំពេញ)៖ ក្រោយពីឃាត់ខ្លួនកាលពីម្សិលមិញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចខណ្ឌសែនសុខ បានម្រេចអនុញ្ញាតឲ្យមេការជាង និងកូនជាងកាត់សម្លៀកបំពាក់ហាង «អេលីត ឡាហ្គា» ទាំង៧នាក់ ដែលត្រូវម្ចាស់ហាងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន លើបទល្មើសជាក់ស្តែង ដោយបានលួចសម្ភារ កាត់ដេរ និងរំលោភលើទំនុកចិត្តត្រឡប់ទៅវិញសិន ខណៈសំណុំរឿងនឹងត្រូវបញ្ជូនទៅកាន់​តុលាការដើម្បីចាត់ការបន្ត។

ស្ត្រីសង្ស័យដែលត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យ ត្រឡប់ទៅវិញនោះ ឈ្មោះ ជៀម ស្រីម៉ិច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេជាងកាត់ដេរ ទីលំនៅផ្ទះជួល (ម្ចាស់ហាងជួលឲ្យរស់នៅ) លេខ ៩៩អា ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌសែនសុខលោក ជួន សុជាតិ នៅរសៀលថ្ងៃនេះថា ក្រោយពីសមត្ថកិច្ចជំនាញសាកសួរ និងពិនិត្យលើភស្តុតាងរួចមក សមត្ថកិច្ចយល់ឃើញថា បទល្មើសនេះជាបទល្មើស មជ្ឈឹម និងជាបទល្មើសតូចតាច ការខូចខាតតិចតួច ទើបលោកឆ្លងយោបល់ទៅ តំណាងអយ្យការស្នើសុំឲ្យជនសង្ស័យ​ឲ្យមានសេរីភាពវិញ ដោយកសាងតែសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តនាពេលក្រោយទៀត។

តំណាងអយ្យការបានបញ្ជាក់ថា ពិតជាអនុញ្ញាតឲ្យជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច ត្រឡប់ទៅវិញ មែនដោយសារតែសមត្ថកិច្ចរាយការណ៍​ថា រឿងនេះជារឿងតូចតាច និងមានការខូចខាតបន្តិចបន្តួច ទើប​យល់ព្រមតាមសំណើររបស់សមត្ថកិច្ច​។​

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី សហាការជាមួយ កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនស្ត្រីជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងកូនជាងកាត់ដេរ ចំនួន ០៦នាក់ របស់ហាងកាត់សម្លៀកបំពាក់ យីហោ អេលីត ឡាហ្គា មានទីតាំងនៅផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធករណី លួច និងរំលោភលើទំនុកចិត្ត។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ម្ចាស់ហាងកាត់សម្លៀកបំពាក់ អេលីត ឡាហ្គា មានទីតាំងផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមប្រភពដដែលបានបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច ជាមេការជាងកាត់ដេរនៅក្នុងហាង កាត់សម្លៀកបំពាក់ អេលីត ឡាហ្គា បានលួចយកសម្ភារកាត់សម្លៀកបំពាក់ជាច្រើនមុខ ពីក្នុងហាងរបស់ជនរងគ្រោះ ទៅលួចកាត់ដេរសម្លៀកបំពាក់ឱ្យភ្ញៀវជាលក្ខណៈឯកជន នៅក្នុងផ្ទះជួលដែលម្ចាស់ហាង អេលីត ឡាហ្គា ជួលឱ្យឈ្មោះ ជៀម ស្រីម៉ិច ជាមេការ ស្នាក់នៅ ដោយយកម៉ូតតាម ហាង អេលីត ឡាហ្គា ប៉ុន្តែយកតម្លៃ ធូរថ្លៃជាង ដែលជាការប៉ះពាល់ដល់ចំណូលរបស់ហាង។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច បានធ្វើសកម្មភាព លួចយកសម្ភារកាត់ដេរសម្លៀកបំពាក់របស់ហាង អេលីត ឡាហ្គា ទៅលួចដេរសម្លៀកបំពាក់ឱ្យភ្ញៀវ យកតម្លៃទាបជាងហាង តាំងពីអំឡុងឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែម្ចាស់ហាង អាណិត និងហៅធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារ ឱ្យពួកគេឈប់ធ្វើបែបនោះតទៅទៀត តែក្រុមជនសង្ស័យ នៅតែបន្តធ្វើដដែល ទើបម្ចាស់ហាង ដាច់ចិត្តប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តងទៅ៕