(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែមីនានេះ បានបញ្ជាក់ថា សម្តេចនៅតែមានចេតនារក្សាទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក នឹងកំពុងរង់ចាំការឆ្លើយតបដើម្បីបន្តបេសកម្មមនុស្សធម៌ រុករកអដ្ឋិធាតុទាហានអាមេរិកលើដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចអញ្ជើញ បន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែមានចេតនាដើម្បីកសាងនូវទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយខ្ញុំកំពុងរង់ចាំនូវការឆ្លើយតបត្រឡប់មកវិញ ដើម្បីខ្ញុំបន្តនូវបេសកកម្មមនុស្សធម៌ ក្នុងការរុករកអដ្ឋិធាតុ និយាយមួយពាក្យទៅឆ្អឹងខ្មោចរបស់កងទ័ពអាមេរិក ដែលមកឈ្លានពានកម្ពុជា នៅក្នុងចំណោម៨៤នាក់ ហើយនៅសល់៤៩នាក់ទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ដោយសារតែសហរដ្ឋអាមេរិក បានធ្វើរឿងមិនគម្បីជាច្រើនមកកម្ពុជា ដូច្នេះកម្ពុជា ត្រូវតែផ្អាកការងារស្វែងរកអដ្ឋិធាតុនេះសិន ហើយសូមផ្តាំទៅ លោកជំទាវ គ្រីសហ្វីត ដែលកន្លងទៅមកទីក្រុងភ្នំពេញ ដោយសរសេរសំបុត្រមកខ្ញុំ ប៉ុន្តែក្នុងជារាជរដ្ឋាភិបាល នៃប្រទេសអធិបតេយ្យភាព បានឆ្លើយតបថា មានទៅមានមក ប្រសិនបើដោះស្រាយបញ្ហាទាំងនេះឲ្យកម្ពុជា កម្ពុជានឹងពិនិត្យមើល និងដោះស្រាយបញ្ហាទាំងនេះ ដើម្បីជួយរុករកអដ្ឋិធាតុកងទ័ពអាមេរិក ដែលនៅសេសសល់ រាប់ទាំងនៅកោះតាង ក្នុងលំហសមុទ្រកម្ពុជាផងដែរ»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា «កម្ពុជា មិនចង់ធ្វើសត្រូវជាមួយអ្នកណាមួយនោះទេ គឺកម្ពុជាចង់រាប់អានមិត្ត ក៏ប៉ុន្តែរឿងចេះតែកើតឡើងម្តងហើយម្តងទៀត ដែលស្ថានទូតអាមេរិក ចេះតែចេញសេចក្តីថ្លែងការណ៍ ដែលខុសនឹងការពិតទៅទៀត តើបំណងពិតប្រាដកស្អីទៅ ហើយតើស្អីទៅដែលនៅពីក្រោយ ទោះបីកម្ពុជាក្រ តែនៅមានសេចក្តីថ្លៃថ្នូររបស់ខ្លួន ហើយប្រឆាំងដាច់ខាតមិន ឲ្យមានការប្រមាថណាមួយនោះទេ កម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យភាពយើងត្រូវតែរក្សានូវកិត្តិយសសេចក្តី ថ្លែថ្នូរជាតិសាសន៍របស់យើង»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ៗថា ប្រទេសកម្ពុជា មិនត្រូវបានទទួលការប្រមាថ ឬការបំពានទេ ប្រជាជននៅក្នុងប្រទេសកម្ពុជាទាំងមូល មិនត្រូវទទួលបាននូវការឆបោកណាមួយ ពីសំណាក់ជនបរទេសណាមួយនោះទេ ហើយជនបរទេសទាំងឡាយមិនត្រូវមានចេតនាបំផ្លិចបំផ្លាញកម្ពុជា ជាដាច់ខាត៕