(ស្ទឹងត្រែង)៖ សាខាកាំកុងខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះត្រួតពិនិត្យជាបន្តបន្ទាប់ ហើយបានរកឃើញទំនិញខូចគុណភាព ព្រមទាំងដកហូតបានប្រមាណជិត៥គីឡូក្រាម នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងផ្សារអូឬស្សី ក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដោយមានការគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកបានណែនាំ និងពន្យល់ដល់អ្នកលក់ដូរឲ្យទិញទំនិញ ប្រើប្រាស់ ដែលគ្មានសារធាតុគីមី និងទំនិញមិនឲ្កយហួសថ្ងៃខែផុតកំណត់ឡើយ។
លោកថា ការចុះត្រួតពិនិត្យនោះ គឺក្រុមកាងារលោកបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង ចុះអប់រំណែនាំជាញឹកញ៉ាប់ផងដែរ ដើម្បីរក្សាការពារសុខភាពរបស់ប្រជាពលរដ្ឋ ចៀសវាងប្រើប្រាស់ទំនិញ ឬផលិតផលប្រើប្រាស់ខូចគុណភាពឬហួសថ្ងៃខែកាលបរិច្ឆេទ។
ក្នុងនោះផងដែរ លោក គឹម ប្រុស បានដកហូតទំនិញ៣ប្រភេទរួមមាន៖ រូតឌី៤កញ្ចប់ មី៤៤កញ្ចប់ ដំឡូងកំប៉ុង៤កំប៉ុង សរុបប្រមាណ៤គីឡូក្រាមកន្លះ។
លោកថា លោកបានអប់រំណែនាំទៅកាន់អាជីវករលក់ដូរ នៅក្នុងផ្សារអូឬស្សីថ្មីក្រុងស្ទឹងត្រែង មិនឲ្យទិញទំនិញខូចគុណភាព ឬហួសថ្ងៃខែកាលបរិច្ឆេទមកលក់បន្ត ឲ្យប្រជាពលរដ្ឋឡើយ ជៀសវាងប៉ះពាល់សុខភាពរបស់ពួកគាត់។ សូមបញ្ចាក់ថា ការដកហូតទំនិញខូចគុណភាព ឬហួសថ្ងៃខែកាលបរិច្ឆេទនោះ សាខាកាំកុងត្រូលខេត្ត ដកហូតមិនមានការពិន័យនោះទេ គឺគ្រាន់តែអប់រំតែប៉ុណ្ណោះ។
ជាមួយគ្នានេះប្រធានកាំកុងត្រូលខេត្ត ក៏បានព្រមានថា លោកនឹងចាត់វិធានការទៅតាមច្បាប់ចំពោះអ្នកដែលរឹងរូសលក់ទំនិញហួសសុពលភាព ឬលាយសារធាតុគីមីនាំប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ដើម្បីចួលរួមថែរក្សាសុខភាពប្រជាពលរដ្ឋលោក គឹម ប្រុស តែងបានដឹកនាំមន្ត្រីរបស់លោកចុះត្រួតពិនិត្យទប់ស្កាត់ទំនិញទាំងនៅតាមច្រកព្រំដែន និងទំនិញដាក់តាំងលក់ក្នុងផ្ទះ និងតាមទីផ្សារ។ បើទោះបីសកម្មភាពទប់ស្កាត់ និងចុះត្រួតពិនិត្យមានសកម្មភាពសកម្មយ៉ាងណាក្តី តែទំនិញដែលហួសសុពលភាពប្រើប្រាស់នៅតែបានរកឃើញនៅតាមផ្ទះ និងតាមទីផ្សារ។ ដើម្បីលើកកម្ពស់ និងការពារសុខភាពរបស់ប្រជាពលរដ្ឋ លោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានព្រមានថា លោកចាត់ការទៅតាមច្បាប់ចំពោះអ្នកលក់ទាំងឡាយ ដែលបន្តរឹងរូសលក់ទំនិញហួស សុពលភាព និងទំនិញលាយសារធាតុគីមី។
បើតាមមន្រ្តីជំនាញ ច្បាប់កាំកុងត្រូលបានចែងថា ជនដែលលក់ទំនិញហួសសុពលភាព និងលាយសារធាតុគីមីនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ គឺត្រូវប្រឈមការជាប់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យប្រាក់ពី ១លានរៀល ដល់១០លានរៀល៕