(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ បានជំរុញឲ្យកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទាំងអស់អនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យមានប្រសិទ្ធិភាព។
លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានថ្លែងជំរុញបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ ដាអភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលកិច្ចប្រតិបត្តការ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៨ និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលខេត្តព្រះវិហារ នាថ្ងៃទី២ ខែមីនាឆ្នាំ ២០១៨ម្សិលមិញ។
ឆ្លើតបនិងរបាយការណ៍លើកឡើងរបស់លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ ស្តីពីសកម្មភាពការអនុវត្តន៍ការងារ និងកិច្ចប្រតិបត្តិការផ្សេងៗ ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ដែលស្នងការនគរបាលខេត្តព្រះវិហារ សម្រេចបាននោះ លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ និងលោក អ៊ុន ចាន់ដា បានធ្វើការវាយតម្លៃដោយបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តព្រះវិហារ ទាំងអស់ចំពោះការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ជាមួយគ្នានេះផងដែរលោកក៍បានជំរុញឲ្យនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ត្រូវអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត។
នៅក្នុងពិធីនោះដែរក៍មានការបំពាក់ឋានន្តរសក្កិ ផ្ទេភារកិច្ចនិងប្រគល់ប័ណ្ណសរសើរដល់មន្ត្រីនគរបាលខេត្ត អធិការក្រុង ស្រុកនិងប៉ុស្តិរដ្ឋបាលផងដែរ៕