(តាកែវ)៖ ស្បែកក្រពើជាង ៣តោន ដែលឈ្មួញជាឧកញ៉ាម្នាក់លួចនាំចូល តាមច្រករបៀងស្រុកកោះអណ្ដែតខេត្តតាកែវ ឆ្ពោះទៅភ្នំពេញ ដើម្បីនាំចេញបន្តទៅលក់នៅប្រទេសថៃ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ស្ទាក់ចាប់បាន នៅយប់ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ ឲ្យដឹងថា ស្បែកក្រពើជាង៣តោននេះ ត្រូវកម្លាំងរបស់លោកធ្វើការចុះបង្រ្កាប នៅចំណុចភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ វេលាម៉ោង៣ទាបភ្លឺ ស្របពេលដែលឈ្មួញ កំពុងដឹកជញ្ជូនចេញតាមច្រករបៀងនេះ ឆ្ពោះទៅភ្នំពេញ ដើម្បីយកទៅលក់បន្តនៅប្រទេសថៃ។
យោងតាមសមត្ថកិច្ចដែលចុះស្ទាក់ចាប់បានលួចបង្ហើបថា ម្ចាស់ស្បែកក្រពើដែលនាំចូលពីប្រទេសវៀតណាមនេះ មានឈ្មោះឪឧកញ៉ា កែវ ថាយ ភេទប្រុស អាយុ៦៤ឆ្នាំ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ មួយកន្លែងនៅខេត្តកំពង់ឆ្នាំង។ ក៏ប៉ុន្តែដោយសារកសិដ្ឋានរបស់គាត់ មិនអាចផ្គត់ផ្គង់ការនាំចេញស្បែកក្រពើ បានក៏លួចនាំចូលពីប្រទេសវៀតណាម បន្ថែមទៀត។
សមត្ថកិច្ចដដែល បានបន្តថា លោកឧកញ៉ា កែវ ថាយ បានអះអាងថា ស្បែកក្រពើដែលគាត់នាំចូលគឺមានច្បាប់ត្រឹមត្រូវ ប៉ុន្តែកម្លាំងជំនាញបានត្រូវពិនិត្យឯកសារទាំងនោះ គឺជាច្បាប់សម្រាប់តែនាំចេញពីកសិដ្ឋានគាត់ ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ប្រទេសថៃ ផ្ទាល់តែម្ដង។ ប៉ុន្តែឥឡូវនេះម្ចាស់កសិដ្ឋានរូបនេះ បានបន្លំលួចនាំចូលមកពីប្រទេសវៀតណាមទៅវិញ ដែលផ្ទុយទៅនឹងច្បាប់អនុញ្ញាតរបស់គាត់ដែលមាន ក្នុងដៃ៕