(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ ស្ថិតនៅឃុំគោកគង់កើត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានធ្វើពីធីកាត់ខ្សែបូរ ឆ្លងសមិទ្ធផលនានាមានដូចជា បង្គោលភ្លើង៥៦ដើម ដងទង់១៥០ដើម ខឿនដងទង់២ដើម ជួសជុសដំបូលព្រះវិហារ លាបថ្នាំ ក្រាលការ៉ូ កសាងចេតិយ៍ និងចាក់ថ្មម៉ដ្ឋក្នុងទីធ្លាវត្ត។

អង្គពិធីនេះបានប្រារព្ធក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិស្រុកកញ្រ្ចៀច តំណាងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិជួយស្រុកកញ្រ្ចៀច និងស្រុកស្វាយអន្ទរ រួមជាមួយ គណបក្សប្រជាជនកម្ពុជាស្រុកកញ្រ្ចៀច និងប្រធានក្រុមការងារថ្នាក់ជាតិ ជួយឃុំគោកគង់កើត គណបក្សស្រុកកញ្ច្រៀច គណបក្សឃុំ សាខាភូមិទាំង១២ ចំណុះឃុំគោកគង់កើត មន្ត្រីរាជការ តាជីយាយជី លោកគ្រូអ្នកគ្រូ មណ្ឌលសុខភាព និងប្រជាពលរដ្ឋសរុបរួមមាន ៦០០នាក់។

បន្ទាប់ពីលោក បិន ជីវ័ន្ត អភិបាលស្រុកកញ្ច្រៀចអានបាយការណ៍ស្វាគមន៍ និងសេចក្ដីរាយការណ៍អំពីសមិទ្ធផល ការចំណាយរួចមក នាយឧត្ដមសេនីយ៍ ដាំ វុទ្ធី បានសំណះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង និងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជូនបងប្អូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ក៏បានលើកពីភាពរីកចំរើនផ្នែកអាណាចក្រដូចជា វិសយ័ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់លំនៅដ្ឋាន មន្ទីរពេទ្យ សាលារៀន និងភាពរីកចំរើនផ្សេងៗទៀត...។ ដោយឡែក វិស័យពុទ្ធចក្រ សាសនាព្រះពុទ្ធក៏មានការរីកចំរើនយ៉ាងខ្លាំងដូចជា៖ វត្តអារាម ព្រះវិហារ កុដិ សាលាឆាន់ សាលាបុណ្យ ជាក់ស្ដែងដូចជាការសម្ភោទសមិទ្ធផលនានា នៅវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុកកញ្ច្រៀច ថ្ងៃនេះផ្ទាល់។

នាយឧត្តមសេនីយ៍បញ្ជាក់ថា រាល់សមិទ្ធផល និងភាពរីកចំរើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ គឺបានមកដោយសារការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ទទួលបានសន្តិសុខ សុវត្ថិភាពល្អទូទាំងប្រទេស ជាឱកាសផ្តល់ឲ្យការអភិវឌ្ឍប្រទេសជាតិមានភាពរីកចំរើនគ្រប់វិស័យ និងផ្តល់ឱកាសដល់កម្មករ កម្មការិនី មានការងារធ្វើជាច្រើនសន្ធឹកសន្ធាប់។

ជាទីបញ្ចប់គណៈអធិបតីបានចូលរួមដាំដើមឈើ និងកាត់ខ្សែបូសម្ភោធសមិទ្ធផល ព្រមទាំងប្រគេនព្រះសង្ឃ៧អង្គ សាដក និងបច្ច័យប្រគេនព្រះសង្ឃ ថវិកាសរុប ចំនួន ៦៣០,០០០រៀក, តាជីយាយជី៥០នាក់ ក្រណាត់ស ថវិកាសរុប ចំនួន ១,០០០,០០០រៀល, ប្រជាការពារ២០នាក់(ខោ+អាវ+មួក) ថវិកាសរុបចំនួន ២,២០០,០០០រៀល, លោកគ្រូអ្នកគ្រូ និងមណ្ឌលសុខភាព ៣៣នាក់ ថវិកាសរុបចំនួន ៣៣០,០០០រៀល, បច្ច័យចូលបុណ្យសរុបចំនួន ៩,០០០,០០០រៀល និងចំណាយផ្សេងៗសំរាប់ពិធី សរុបចំនួន ២,៦២១,០០០រៀល ដែលសរុបការចំណាយរួមទាំងអស់ ១៥,៧៨១,០០០រៀល (ដប់ប្រាំលានប្រាំពីររយប៉ែតសិបមួយពាន់រៀល)៕