(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងសង្កត់ធ្ងន់ថា ការប្រារព្ធខួបទិវានារីអន្តរជាតិ៨មីនា ជារៀងរាល់ឆ្នាំមកនេះ គឺក្នុងគោលបំណងរំឭក ពីការតស៊ូរបស់នារី និងទាមទារឲ្យមានការលើកកម្ពស់សិទ្ធិ នៅទូទាំងពិភពលោក។ ជាការពិតក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ រដ្ឋាភិបាល បានយកចិត្តទុកដាក់ជាចំបង ទៅលើតួនាទីរបស់ស្ត្រី ដោយបានបង្កើតជាសមាគមនារី តាំងពីពេលនោះមក ជាមួយនិងរំឭកខួប ទិវានារីអន្តរជាតិ៨មីនាជារៀងដរាបមក ក្នុងគោលបំណងរំឭកពីការតស៊ូរបស់នារី ទូទាំងពិភពលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព តួនាទីរបស់ស្ត្រី ឲ្យទទួលបាននូវអ្វីៗ ដែលនារីបានបាត់បង់ជាយូរអង្វែងណាស់ មកហើយ។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងពិធីអបអរសាទរខួប អនុស្សារីយ៍លើកទី១០៧ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» ត្រូវបានប្រារព្វធ្វើឡើង នៅរសៀលថ្ងៃសុក្រ០១ រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីសមភាព យេនឌ័រ ដែលបុរស និងស្ត្រី ក្រៅពីទទួលបានសិទ្ធិស្មើគ្នារួចហើយ គឺត្រូវចេះសហការ យោគយល់ សាមគ្គីគ្នាទើបការបំពេញកិច្ចការនានា សម្រេចបានជោគជ័យ។ រីឯសង្គមគ្រួសារក៏ដូច្នេះដែរ ត្រូវចេះយោគ យល់អធ្យាស្រ័យគ្នា ទៅវិញទៅមក ទើបគ្រួសារមានសុភមង្គល។
ទាក់ទងនឹងមន្ត្រីរាជការជាស្ត្រី លោកទេសរដ្ឋមន្ត្រី បានផ្តល់តម្លៃទៅលើភាពម៉ត់ចត់របស់ស្ត្រី លើការងារស្នូលរបស់ខ្លួន បន្ទាប់ពីការប្រគល់ឋានៈតួនាទី ក្នុងការសម្រេចចិត្តជូនពួកគាត់។
ជាមួយគ្នានេះ លោកបានស្នើឲ្យស្ត្រីជាមន្ត្រីរាជការទាំងអស់ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញជីវៈឲ្យកាន់តែជ្រៅជ្រះឡើង ដើម្បីក្រសួងពិនិត្យ វាយតម្លៃប្រគល់ឋានៈតួនាទី ជូនតាមសមត្ថភាពរៀងៗខ្លួន។ តែលោកក៏សូមដាស់តឿនផងដែរ កុំទទួលបានឋានៈតួនាទីហើយ បែរជាបាត់បង់សាមគ្គីភាព ខ្វះចារិកមហាជន គឺត្រូវបន្តអនុវត្ត ក្នុងស្មារតីសាមគ្គីភាពខ្ពស់ និងទទួលខុសត្រូវលើការងារ ដូចដែលស្ត្រីទាំងឡាយក្នុងក្រសួងបានអនុវត្ត បានប្រសើរនាពេលបច្ចុប្បន្ននេះ។
ថ្លែងសំណេះសំណាលនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានផ្តល់សារៈសំខាន់ នៃការជ្រើសរើស ប្រធានបទខាងលើ និងបានលើកឡើង ពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសុខសន្តិភាព ដោយលំបាកដែលយើង ទាំងអស់គ្នាទាំងស្ត្រី ទាំងបុរសត្រូវរួមគ្នាថែរក្សាឲ្យបាន។
ដោយឡែក បន្ទាប់ពីលោកស្រី ងិន ចន្ទ្រា អគ្គនាយករង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អានប្រវត្តិនារី០៨ មីនា លោកស្រី ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម អាន ព្រះរាជសារសម្តេចព្រះមហាក្សត្រីយ៍ នរោត្តមមុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ និងរបាយការណ៍សកម្មភាព សមាគមនារី អានដោយលោកស្រី ទេព រ៉ានី ប្រធាននារីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួចមក លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការតំណាងក្រសួងកិច្ចការនារី បានថ្លែងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ធ្វើឲ្យបងប្អូននារីជាមន្ត្រីរាជការ ទទួលបានឋានៈតួនាទី សមតាមសមត្ថភាព និងការបណ្តុះបណ្តាល បង្កើនកំរិតចំណេះដឹង បានយ៉ាងប្រសើរ។
ជាក់ស្តែងតាមរបាយការណ៍ ពីក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាលអណត្តិទី៥នេះ គឺនៅឆ្នាំ ២០១៣ ស្ត្រីបម្រើការងារក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានចំនួន១៣% ដល់ឆ្នាំ ២០១៧ កើនដល់ចំនួន ២៣%។ ក្នុងនោះស្ត្រីដែលឈរក្នុងតួនាទី ធ្វើសេចក្តីសម្រេចមាន ១៩ %។ ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះ លោកស្រី រដ្ឋលេខាធិការតំណាងក្រសួងកិច្ចការនារី បានផ្តល់តម្លៃលើកត្តាសន្តិភាព ដែលធ្វើឲ្យស្ត្រី មានឱកាសគ្រប់យ៉ាងចូលរួមគ្រប់ សកម្មភាពសង្គម ហើយត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមទៀតផង។ ជាក់ស្តែង មន្ត្រីរាជការ ជាស្ត្រីនៅកម្ពុជា បច្ចុប្បន្នឡើងដល់ចំនួន ៤១ % លើសពីការកំណត់តាមស្តង់ដារអន្តរជាតិ ត្រឹម ៣០% ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ស្ថិតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកស្រី បានឧបត្ថម្ភ នារីទាំងអស់ ក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម សរុបចំនួន ៣៨៣ នាក់ ដែលក្នុងនោះ មានស្ត្រីក្រោមឱវាទអង្គភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន១៩៨នាក់ផងដែរ ទទួលបានទឹកប្រាក់ម្នាក់់ៗចំនួន ១០ ម៉ឺនរៀល ឧបត្ថម្ភទឹកប្រាក់បន្ថែម ៥០០ ដុល្លារ សម្រាប់ចូលរួមក្នុងដំណើរកំសាន្ត របស់បងប្អូននារីនាពេលខាងមុខ និងទឹកប្រាក់ ៥០០ ដុល្លារទៀត ជាថវិការឧបត្ថម្ភប្រចាំឆ្នាំ ដល់សាខាសមាគមនារីក្រសួង។ ដោយឡែក ក្រសួងកិច្ចការនារី ក៏បានឧបត្ថម្ភអាវយឺត ចំនួន២០០ អាវ និងក្រុមហ៊ុនលីលី នំស្រួយក៏បានឧបត្ថម្ភ នំស្រួយ៣៥ កេសផងដែរ៕