(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍ វាយតម្លៃពីស្ថានការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានលើកឡើងថា ប្រព្រឹត្តិទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ស្របតាមរដ្ឋធម្មនុញ្ញនៃច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
យោងតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាន នៅព្រឹកថ្ងៃសៅរ៍នេះ គណបក្សកាន់អំណាចបានចាត់ទុកថា នេះជាសមិទ្ធផលជាប្រវត្តិសាស្ដ្រថ្មីមួយទៀត នៃប្រជាជនកម្ពុជាដែលកំពុងឈានទៅមុខយ៉ាងត្រឹមត្រូវ និងរឹងមាំតាមមាគាសន្ដិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។
ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏សូមសម្ដែងការគោរព និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអង្គបោះឆ្នោតជាតំណាងរាស្ដ្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង ដែលជាតំណាងពិតប្រាកដរបស់ប្រជាជន ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជនបានអញ្ជើញទៅបោះឆ្នោតតាមឆន្ទៈរបស់ខ្លួន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលជ័យជម្នះដ៏ត្រចះត្រចង់។
យោងតាមលទ្ធផលផ្លូវការនៃការប្រកាសរបស់គ.ជ.ប នៅព្រឹកថ្ងៃសៅរ៍នេះ បានបង្ហាញថា បេក្ខជនជាប់ឆ្នោតនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងមណ្ឌលភូមិភាគទាំង៨ គឺគណបក្សប្រជាជនកម្ពុជាបានទទួលអសនៈទាំង៥៨ ក្នុងចំណោមបក្សនយោបាយចូលរួម ទាំង៤គណបក្ស។
ខាងក្រោមនេះជាខ្លឹមសារលម្អិត នៅក្នុងសេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា៖