(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានអំពាវនាវដល់ សមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងអនុគណៈកម្មាធិការ ក២៨ ត្រូវធ្វើតែអំពើល្អ និងចេះជួយប្រជាជន គ្រប់ការលំបាក នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការអំពាវនាវបែបនេះបានធ្វើឡើងក្នុងឱកាសដែលលោក មាស សុភា ចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស ក្នុងអនុគណៈកម្មាធិការបក្ស ក២៨ នៅស្នាក់ការ គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណជាង៨០០នាក់ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ។
ក្នុងនោះ ក៏មានការចូលរួម ពីលោក ចាន់ នន់វិទ្យា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត, លោក ស្រី ឌឹក សមាជិគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត, លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជន ខេត្តព្រះវិហារ, លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងថ្នាក់ដឹកនាំបក្សជាច្រើនរូបទៀត។
លោក ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្រុមការងារគណបក្ស ក២៨ ដោយមានការដឹកនាំល្អ ពីសំណាក់លោកប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្ត ពិសេសក្រោមការដឹកនាំប្រកបដោយកិត្ដិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធាន សម្តេចប្រធាន កិតិ្ដយស សមាជិកទាំងអស់ បានខិតខំបំពេញការងារយ៉ាងល្អ សំរាប់ជាតិ មាតុភូមិ និងប្រជាជន។
សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រូបនេះ បានបន្ថែមទៀតថា តាមរយៈលោកប្រធាន សមាជិក ក២៨ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួប នឹងជួយគ្រប់ កាលៈទេសៈ រាល់ការលំបាក់របស់ប្រជាជន ក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
លោក មាស សុភា ក្នុងនាមឲ្យសម្តេចប្រធាន សម្តេចអនុប្រធាន និងសម្តេចប្រធានកិតិ្ដយសគណបក្ស បានកោតសរសើរ និងវាយតំលៃចំពោះលទ្ធផលដែល ក២៨ សំរេចបានក្នុងរយៈ ពេលថ្មីនេះ ព្រមទាំងបានពាំនាំនូវសេចក្តីនឹករលឹក និងផ្ញើសាកសួរសុខទុក្ខប្រកប ដោយមនោសញ្ចេតនាជ្រាលជ្រៅ ពីសំណាក់ថ្នាក់ដឹកនាំ ផ្ញើជូនសមាជិកទាំងអស់គ្រប់ៗគ្នា ក្នុងជិតបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខនេះផងដែរ។
លោក មាស សុភា បញ្ជាក់ថា «នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជាយើងនឹងដំណើការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរាស្ត្រ ដូច្នេះសូមជំរុញឲ្យសមាជិកបក្ស ទាំងអញ្ជើញទៅចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា»៕