(ភ្នំពេញ)៖ ច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ចំពោះបទប្រមាថលើអង្គព្រះមហាក្សត្រ ដែលតម្រូវឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២លានរៀល ទៅ១០លានរៀល ព្រមទាំងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្ម នៃមាត្រាមួយចំនួន ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើយោងតាមព្រះរាជក្រមរបស់ប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ។
យោងតាមព្រះរាជក្រមបានឲ្យដឹងថា ច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្ម មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង បញ្ជូនទៅកាន់ព្រះបរមរាជរាំង ដើម្បីដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨៕