(កណ្តាល)៖ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកឧកញ៉ាបណ្ឌិត ជា រតនា អនុប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកស្អាង និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ឃុំតាលន់ បានបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០១៨នេះ ពិតជាមានអត្ថន័យណាស់ ប្រទេសយើង កំពុងអភិវឌ្ឍន៍រីកចំរើនខ្លាំង ស្របនិងប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍» បញ្ជាក់ពីគោលបំណងរំលឹកពីការតស៊ូរបស់នារីទូទាំង ពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ហើយក៏មានស្នាដៃ និងសមិទ្ធផលនានាដូចគ្នាទៅនឹងបុរសដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ មានតួនាទីធំៗ នៅតាមអង្គភាពសំខាន់ៗ គ្រប់អង្គភាពរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត ជា រតនា បានថ្លែងបញ្ជាក់ទៀតថា «បច្ចុប្បនេះបងប្អូនស្ដ្រីយើងកំពុងចូលរួមបំផុស និងកៀរគរប្រជាពលរដ្ឋឲ្យរួមគ្នា ដើម្បីឈានទៅសម្រេចបាន នូវសកម្មភាពពិតប្រាកដ រវាងបុរស និងស្ត្រី។ ស្ដ្រីជាថ្នាក់ដឹកនាំ ត្រូវធ្វើការប្តេជ្ញាចិត្ត ដ៏ខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់ស្ត្រី អំពីភាពក្រីក្រ អំពីការអប់រំសុខភាព អំពើហិង្សា នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្តីសម្រេចចិត្ត យន្តការលើកកម្ពស់ការរីកចំរើនរបស់នារី សិទ្ធិរបស់នារី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបានអញ្ជើញតំណាងនារី ចូលរួមរាល់កម្មវិធីនានា ក្នុងន័យឲ្យស្រ្តី មានតួនាទីស្មើគ្នា និងអនុញ្ញាតឲ្យនារីដោះស្រាយកិច្ចការផ្សេៗ តាមមូលដ្ឋាន បានប្រាស្រ័យជាមួយប្រជាពលរដ្ឋគ្រប់រូបភាព»។
លោកប្រធានគណៈពង្រឹងមូលដ្ឋាន ឃុំតាលន់ បានថ្លែងថា ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែលបន្ទាប់ពីបានរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត មក ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ឲ្យមានការប្រារព្ធពិធីរំលឹកខួប នៃការទទួលស្គាល់សិទ្ធិស្ត្រីនេះឡើង នៅតាមស្ថាប័នគ្រប់លំ ដាប់ថ្នាក់នៅទូទាំងប្រទេស រួមជាមួយនឹងការយកចិត្តទុកដាក់ ផ្តល់តម្លៃយ៉ាងខ្ពស់ ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បានបង្កលក្ខណៈឲ្យមានការតែងតាំង ដំឡើងឋានៈ តួនាទីស្ត្រី ជាបន្តបន្ទាប់ និងបង្កើនអាយុចូលនិវត្តរបស់មន្ត្រីរាជការ និយោជិតនារី ដែលជាវិធានការបន្ទាន់ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា។
ក្នុងឱកាសដដែលនោះ លោកបណ្ឌិត ជា រតនា បានថ្លែងថា ស្ត្រីត្រូវប្រកាន់ឥរិយាបថមួយ គឺទន់ភ្លន់ សុភារាបសា ដែលជាចំណុចផ្តើមរបស់ស្ត្រីគ្រប់រូប ហើយក៏ជាប្រពៃណីរបស់យើង។ ស្ត្រីទន់ភ្លន់ ម៉ឺងម៉ាត់ និងម៉ត់ចត់ ប៉ុន្តែមិនទន់ខ្សាយនោះទេ ព្រោះវាជាកត្តាមួយដែលនាំអោយស្ត្រីសម្រេចបានជោគជ័យចំពោះកិច្ចការងារ និងឧបសគ្គចំពោះមុខ។
លោកប្រធាន ក៏បានធ្វើការកោតសសើរដោយចិត្តស្មោះ ចំពោះវីរភាពដ៏អង់អាចក្លាហាន ភាពអំណត់អត់ធ្មត់របស់ស្ត្រី ក្នុងកិច្ចខំប្រឹងប្រែងពុះពារបំពេញការងារជាឧត្តមភរិយា ជាមាតា ជាមន្ត្រី និងជាបុគ្គលិក ព្រោះថាស្ត្រីជាធនធានជាតិមួយដ៏ប្រពៃបំផុតមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ក្រុមគ្រួសាររបស់ខ្លួន ក៏ដូចជាការអភិវឌ្ឍន៍សង្គមជាតិទាំងមូល៕