(ស្វាយរៀង)៖ តាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ពីខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មានក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងទឹកស្រះក្រោយផ្ទះ ដោយសាររអិលជើងធ្លាក់ចូលទឹកស្រះ ខណៈម្ដាយរវល់តែធ្វើកិច្ចការផ្ទះ អាងតែកូនកំពុងរត់លេងជាមួយក្មេងៗដទៃ។
ភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ករណីនេះបានកើតឡើងនាល្ងាចថ្ងៃទី០២ ខែមីនា ម្សិលមិញ ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមក្មេងដែលរត់លេងជាមួយក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួគគេបានរត់លេងជាមួយគ្នានៅក្រោយផ្ទះ ស្រាប់បាត់ក្មេងរងគ្រោះ ពួកគេក៏បានរត់ទៅប្រាប់ម្តាយក្មេងរងគ្រោះនាំគ្នាដើររក ស្រាប់តែឃើញកូនធ្លាក់ចូលស្រះចុះស្រង់យកមកធ្វើចលនាដើម្បីសង្គ្រោះ ប៉ុន្តែគួរឲ្យសោកស្តាយហួសពេលទៅហើយ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះលង់ទឹកស្លាប់នោះមានឈ្មោះ ហ៊ី លីហុង អាយុ៣ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុ ឪពុកឈ្មោះ ហ៊ី ចាន់ថា អាយុ៣៦ឆ្នាំ មុខរបរជាងកាត់កញ្ចក់ និងជាងដំប៉ោត ម្ដាយឈ្មោះ ព្រំ ស៊ីនួន អាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចចុះមកពិនិត្យធ្វើកោសលវិច័យលើសាកសព ពុំឃើញមានស្លាកស្នាមអ្វីទេ ហើយបានប្រគល់សសពឲ្យទៅក្រុមគ្រួសារ ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕