(សិង្ហបុរី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជា ចូលរួមកិច្ចប្រឹក្សាពាណិជ្ជកម្មរវាង រដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាន-អឺរ៉ុប លើកទី១៦ (16th AEM-EU) នៅប្រទេសសិង្ហបុរី នាថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោក Lim Hng Kiang រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងលោកស្រី Cecilia Malmström ដោយមានការចូលរួម ពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេស ជាសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំ បានកត់សម្គាល់លើវឌ្ឍនភាព នៃការអនុវត្តនៃកម្មវិធីពាណិជ្ជកម្ម និងវិនិយោគ អាស៊ាន-អឺរ៉ុប សម្រាប់ឆ្នាំ២០១៧-២០១៨ និងរបាយការណ៍ ស្តីពីវឌ្ឍនភាព ដែលបានធ្វើបទ បង្ហាញ ដោយគណៈកម្មាធិការក្រុមការងារចម្រុះ សម្រាប់ការអភិវឌ្ឍក្របខណ្ឌប៉ារ៉ាម៉ែត្រ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងអឺរ៉ុប បានអះអាងឡើងវិញ នូវការប្តេជ្ញាក្នុងការគាំទ្រធ្វើពាណិជ្ជកម្មសេរី និងបើកទីផ្សារ ក៏ដូចជាគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រកបដោយតម្លាភាព មិនរើសអើង និងផ្អែកលើច្បាប់ជាមូលដ្ឋាន ដោយស្ថិតក្រោមអង្គការពាណិជ្ជកម្មពិភពលោក។
ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ ព្រមទាំងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអឺរ៉ុបទាំងអស់ បានបង្ហាញជំហររឹងមាំ ក្នុងការគាំទ្រឲ្យមានការចរចាឡើងវិញ និងបន្តការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប (ASEAN-EU FTA)។
លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ដល់ប្រទេសសិង្ហបុរី ដែលបានរៀបចំកិច្ចប្រជុំបានយ៉ាងល្អ និងបានទទួលគណៈប្រតិភូកម្ពុជា ប្រកបដោយភាពកក់ក្តៅ ក្នុងអំឡុងកិច្ចប្រឹក្សា ពាណិជ្ជកម្មរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អឺរ៉ុប លើកទី១៦នេះ៕