(ភ្នំពេញ)៖ នៅមុននេះបន្តិចបណ្តាញព័ត៌មាន Fresh News បានទទួលព័ត៌មានថា ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបើករថយន្តតាមបាញ់ជនរងគ្រោះប្រុសស្រី២នាក់ ដល់មុខផ្ទះក្នុងខណ្ឌសែនសុខ កាលពីប៉ុន្មានថ្ងៃមុននេះ បានចូលខ្លួនមកទទួលកំហុសនៅសមត្ថកិច្ចកងរាជអាវុធហត្ថ។

តាមរយៈទូរស័ព្ទលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពិតជាមានរឿងដូច្នេះមែន បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

សូមជំរាបថា ហេតុការណ៍បាញ់ប្រហារនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយខ្មាន់កាំភ្លើងជិះរថយន្ត RANGE ROVER ពណ៌ស ត្រូវបានស្គាល់ឈ្មោះ ប៊ុន តេង ហៅហ្គោ អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ។

ជនរងគ្រោះដែលឃាតករតាមបាញ់សម្លាប់នេះ ទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែង កើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់៕