(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក នាយរងសេនាធិការចម្រុះប្រចាំទីបញ្ជាការសន្តិភាព៥មករា បានផ្ញើសារជូនពរ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតាមសំណើរបស់សម្តេចតេជោ តែងតាំងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ។
ក្នុងសារជូនពរលោក ច័ន្ទ ពន្លឹក បានបញ្ជាក់ថា «តាងនាម នាយទាហាន ពលទាហាននៃទីបញ្ជាការ សន្តិភាពសម្តេចតេជោ៥មករា ទិសប្រាសាទព្រះវិហារ មានបិតិសោមនស្សរីករាយរំភើបឥតឧបមា និង សូមសម្តែងនៅមនោសញ្ចេតនាអបអរសាទរយ៉ាងក្លៀវក្លាជាមួយឯកឧត្ដម ដែលទទួលបានមុខតំណែង មួយថ្មីទៀត សក្តិសមទៅនឹងសកម្មភាពយ៉ាងច្រើនឥតគណនា វិរៈភាពនិងពលីកម្មយ៉ាងធំធេងរបស់ ឯកឧត្តមក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសសមត្ថភាពនិងបទពិសោធន៍»។
ឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក បានបន្តថា «យើងខ្ញុំទាំងអស់គ្នាសូមចងចាំក្នុងក្រអៅបេះដូងជារៀងរហូតថា ឯកឧត្តមនាយឧត្តមសេនីយ៍ជា មេបញ្ជាការដ៏ឆ្នើមដែលបានដឹកនាំយើងខ្ញុំទាំងអស់គ្នាអនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ បញ្ជាប្រយុទ្ធការពារទឹកដីនៃមាតុភូមិ ក្នុងសមរភូមិប្រយុទ្ធការពារប្រាសាទព្រះវិហារ ប្រាសាទតាមាន់-តាក្របី ចាប់តាំងពីព្រឹត្តការណ៍ឆ្នាំ២០០៨មកដល់បច្ចុប្បន្នដោយជោគជ័យ ជូនជាតិនិងប្រជាជន»។
សូមបញ្ជាក់ថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទៅជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ និងតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មើ «រដ្ឋមន្រ្តី»៕