(សិង្ហបុរី)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សា ថ្នាក់រដ្ឋមន្រ្តី នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប លើកទី៦ ជាមួយនឹងលោក Enggartiasto Lukita រដ្ឋមន្រ្តីឧស្សាហកម្មឥណ្ឌូនេស៊ី និងលោក Ramon M Lopez រដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន។

វេទិកានេះត្រូវបានសម្របសម្រួលដោយលោក Ryan Huang ផលិតករនៃស្ថានីយ៍វិទ្យុប៉ុស្តិ៍ MONEY FM និងមានអ្នកចូលរួមប្រមាណ ៣៥០នាក់ ដែលជាអ្នកជំនួញជាន់ខ្ពស់ មកពីអឺរ៉ុប និងអាស៊ីអាគ្នេយ៍ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ។ វេទិកាពិភាក្សានេះបានផ្តោតសំខាន់ លើការអភិវឌ្ឍរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងស្ថានភាពពាណិជ្ជកម្មអាស៊ានជាមួយដៃគូ ព្រមទាំងនិន្នាការសាកលនៃពាណិជ្ជកម្មអន្តរជាតិ។

ក្នុងនោះលោក ប៉ាន សូរស័ក្តិ និងវាគ្មិនពីររូបទៀតមានទស្សនៈវិជ្ជមានចំពោះស្ថានភាពពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងលទ្ធភាពក្នុងការតភ្ជាប់ ទំនាក់ទំនងពាណិជ្ជកម្មរវាងតំបន់ នឹងតំបន់ជាមួយដៃគូពាណិជ្ជកម្ម។

បន្ថែមពីនេះទៀត លោក ប៉ាន សូរស័ក្តិ ក្នុងនាមជាវាគ្មិនបានបង្ហាញពីបរិយាកាសធុរកិច្ចប្រកបដោយភាពទាក់ទាញរបស់ប្រទេសកម្ពុជា និងបានលើកទឹកចិត្តឲ្យមានការវិនិយោគកាន់តែច្រើនថែមទៀតមកក្នុងប្រទេសកម្ពុជា ផងដែរ៕