(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានអំពាវនាវទៅដល់ អង្គការ សមាគម ឫក្រុមផ្សេងៗ ដែលធ្វើសកម្មភាពរៃអង្គាស ប្រាក់នៅតាមទីសាធារណៈ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព នៃការរៃអង្គាសនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្លូររបស់សង្គមជាតិ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ដោយសារតែកន្លងមក មានជនជាតិខ្មែរ និងជនបរទេសខ្លះ ដែលរស់នៅ និងបម្រើការងារផ្សេងៗ នៅក្នុងប្រទេសកម្ពុជា បានធ្វើសកម្មភាពវៃអង្គាស ប្រាក់តាមរយៈការដើរចែកសំបុត្រ ដែលមានបោះពុម្ពរូបភាពរបស់កុមារ និងគ្រួសារ លើស្រោមសំបុត្រ ដោយប្រើប្រាស់រូបភាពផ្សេងៗគ្នា ដូចជា៖
ការស្លៀកពាក់បែបព្រះសង្ឃ នៃជនជាតិដទៃ, ការស្លៀកពាក់បែបដូនជី ជនបរទេសផ្សេងៗ និងការប្រើប្រាស់កុមារ មនុស្សចាស់ ជនពិការ ឲ្យដើរធ្វើសកម្មភាពនៅគ្រប់ទីកន្លែង ក្នុងគោលបំណងរៃអង្គាសប្រាក់កាសពីសប្បុរសជននានា ដោយមិនមានការអនុញ្ញាពី ស្ថាប័នរដ្ឋ ឫ អង្គការមិនមែនរដ្ឋាភិបាល អន្ដរជាតិណាមួយឡើយ។
លោករដ្ឋមន្រ្តីចាត់ទុកថានេះ ជាទង្វើប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយសង្គម កិត្ដិយស និងសេចក្ដីថ្លៃថ្លូររបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គលដល់ជនរងគ្រោះ ដែលត្រូវបានជនទាំងនោះ យកទៅប្រើប្រាស់ ដើម្បីទទួលបាន នូវផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមរបស់ខ្លួន។
ដោយមើលឃើញពីបញ្ហាប្រឈម និងផលប៉ះពាល់ខាងលើនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖
១៖ អង្គការ សមាគម ឫ ក្រុមផ្សេងៗ ដែលធ្វើសកម្មភាពទាំងនោះ ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពនៃការរៃអង្គាសខាងលើ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្ដិយស និងសេចក្ដីថ្លៃថ្លូររបស់សង្គមជាតិ។
២៖ អាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងសាធារណៈជនទាំងអស់ ត្រូវផ្ដល់នូវកិច្ចសហការក្នុងការទប់ស្ដាត់ និងបង្កាភាពមិនប្រក្រតី តាមរយៈការរាយការណ៍ ឫ ផ្ដល់ព័ត៌មានមកមន្ដ្រី ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវវនីតិសម្បទា តាមរយៈលេខទូរស័ព្ទ ដូចខាងក្រោម៖
* លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ០១២ ៥៣៨ ១១៨
* លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ ០១២ ៤២៧ ១៦៨
* លោក ងួន កោសល្យ ប្រធានការិ.សេវាទប់ស្កាត់ និងការពារជនអនថា ០៦៦ ៥១៧ ៥១៧៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖