(ព្រះសីហនុ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ឆ្នាំ២០១៨ ដោយសារវិស័យការងារបន្តអភិវឌ្ឍរីកចម្រើន ទើបជំរុញឲ្យសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានជាង ១២ពាន់គ្រឹះស្ថាន ក្នុងនោះមានកម្មករនិយោជិតជាង ១.៤លាននាក់ និងសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធសរុបមានជាង ៥៦ម៉ឺនគ្រឹះស្ថាន ក្នុងនោះមានកម្មករជាង ២.៤លាននាក់។
ការថ្លែងបែបនេះ ត្រូវបានលើកឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុប ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា គ.ស ២០១៨។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៨នេះ វិស័យការងារបន្តអភិវឌ្ឍរីកចម្រើន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួនសរុប ១២,២៨៧គ្រឹះស្ថាន កើនចំនួន ១០.០២% និងមានកម្មករនិយោជិតសរុបចំនួន ១,៤៣៧,៧៩៤នាក់ កើនចំនួន ២១.១១% (ស្រី ៨២០,៧៨៧នាក់) ធៀបនឹងឆ្នាំ២០១៦ ព្រមទាំងផ្ដល់ការងារធ្វើដោយប្រយោលដល់ប្រជាពលរដ្ឋ»។
លោក អ៉ិត សំហេង បានឲ្យដឹងថា ជាមួយនឹងការកើនឡើងនូវចំនួនរោងចក្រនេះ កម្មករនិយោជិតក៏កំពុងទទួលបានប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ ១៧០ដុល្លារ ចំណែកតម្លៃជួលផ្ទះមិនបានឡើងថ្លៃទេ ថ្លៃទឹក ថ្លៃអគ្គិសនីក៏ត្រូវបានបញ្ចុះថ្លៃ និងត្រូវបានរដ្ឋបាលថ្នាក់ជាតិត្រួតពិនិត្យគ្រប់ពេលផងដែរ។
រដ្ឋមន្ត្រីដែលតែងតែអមដំណើរជាប់ជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី គ្រប់ពេលរូបនេះ បានបន្តថា ក្រៅពីសហគ្រាសក្នុងប្រព័ន្ធ កម្ពុជាក៏មានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបចំនួន ៥៦៩,៦៨៨គ្រឹះស្ថាន ក្នុងនោះមានកម្មករនិយោជិតជាង ២.៤លាននាក់។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏កំពុងយកចិត្តទុកដាក់ដល់ពលករកម្ពុជាចំនួន ១.២លាននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយបន្តេះពង្រឹងកិច្ចសហការជាមួយប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងឱកាសការងារជូនពលករ និងការពារសិទ្ធិ ផលប្រយោជន៍ពលករដែលកំពុងបម្រើការងារនៅប្រទេសទាំងនោះ និងបង្កលក្ខណៈសម្បត្តិឱ្យពលករទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រលប់មកវិញ៕