(ព្រះសីហនុ)៖ បន្ទាប់ពីបានជួបកម្មករ កម្មការិនីក្នុងរាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមកហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតម្កល់ប្រយោជន៍ប្រជាជនក្នុងក្រអៅបេះដូងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជំនួបជាមួយកម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសនាថ្ងៃនេះ គឺជាជំនួបទី៣២ហើយចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មកនោះ។ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ លើផ្ទៃដីទំហំ ១,១១៣ហិកតា មានលោក Chen Jiangang ជាអគ្គនាយក។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ មានរហូតដល់ទៅជាង ១០០រោងចក្រ មកពីបណ្តាប្រទេសនានាដូចជា បារាំង វៀតណាម កូរ៉េ ថៃ អាមេរិក អាឡឺម៉ង់ និងអៀរឡង់ ហើយក៏មានរោងចក្រមានថៅកែជាជនជាតិខ្មែរផងដែរ។
លោក អ៉ិត សំហេង ក៏បានឲ្យដឹងដែរថា រោងចក្រសហគ្រាស នៅតំបន់នេះ បានកសាងនៅតាមមូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។
លោករដ្ឋមន្ត្រីដែលជាសេនាធិការដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន លើវិស័យការងារនេះ បានគូសបញ្ជាក់ដែរថា ខេត្តព្រះសីហនុ ជាខេត្តដែលមានការអភិវឌ្ឍលឿន ដែលមានកំពង់ផែអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងសក្តានុពលទេសចរណ៍។ មកដល់ពេលបច្ចុប្បន្នខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៧១១ មានកម្មករនិយោជិតចំនួន ៤៩,៦៨៨នាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមាន ១០៦ មានកម្មករនិយោជិតចំនួន ៣៥,២១៦នាក់។
លោក អ៉ិត សំហេង បានចាត់ទុកការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននឹងកំពុងប្រែក្លាយខេត្តព្រះសីហនុទៅជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា និងជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។
សូមរំលឹកថា តាមរយៈជំនួបជាបន្តបន្ទាប់ជាមួយនឹងកម្មករ និយោជិត សម្តេចតេជោ ហ៊ុន សែន បានរកឃើញបញ្ហាជាច្រើនដែលកំពុងប្រឈមសម្រាប់កម្មករ និយោជិត ហើយបានសម្រេចដាក់ចេញនូវគោលការណ៍ជាច្រើននាំមកនូវប្រយោជន៍សម្រាប់កម្មករផងដែរ ដូចជាការលែងឲ្យកម្មករបង់ថ្លៃសេវាគាំពារសុខភាព អនុញ្ញាតឲ្យកម្មករ និយោជិតពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋមិនគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មការិនីពេលសម្រាលកូនជាដើម។
គ្រប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន គឺទទួលបានការស្វាគមន៍ប្រកបដោយក្តីគោរពស្រឡាញ់ពីសំណាក់កម្មករ និយោជិត។ លោក អ៉ិត សំហេង បានចាត់ទុកសម្តេចតេជោ គឺជារដ្ឋបុរសដែលបានសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បង្រួបបង្រួមផ្សះផ្សារជាតិ ជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យនាថ្ងៃ២៩ ធ្នូ ឆ្នាំ១៩៩៨ បានធ្វើឲ្យទឹកដីទាំងមូលឯកភាពប្រកបដោយសន្តិភាព និងស្ថិរភាព ដែលជាគន្លឹះនៃការអភិវឌ្ឍជាតិ និងជំរុញជីវភាពប្រជាពលរដ្ឋខ្មែរឲ្យកាន់តែល្អប្រសើរ៕