(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជា តារា ដែលមានរហស្សនាម «មេទ័ពជាយដែន» ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើនឹងរដ្ឋមន្ដ្រី និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ។ ព្រះរាជក្រឹត្យនេះ ​​ត្រូវបានចុះហត្ថលេខាដោយ សម្ដេច​វិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ។

នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានគេដឹងថា ជាអ្នកដែលមានចំណេះជំនាញ លើវិស័យការពារជាតិដ៏ប៉ិនប្រសព្វមួយរូប ដោយបានបញ្ចប់ការសិក្សា លើវិស័យការពារជាតិ នៅក្នុងប្រទេសបារាំង មិនតែប៉ុណ្ណោះនាយទាហាន ដែលពោរពេញទៅដោយយុទ្ធសាស្ដ្រ និងកលយុទ្ធលើសមរភូមិរូបនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មេបញ្ជាការផុតលេខផ្កាយមាស៥។

ជាពិសេស នៅក្នុងសង្គ្រាមទល់ដែន ជាមួយនឹងប្រទេសថៃកាលពីឆ្នាំ​២០០៨​ នាយឧត្តមសេនីយ៍ ជា តារា គឺជាមេបញ្ជាការសមរភូមិមុខមួយរូប ដែលនៅប្រចាំការជាប់​ជានិច្ច ក្នុងសមរភូមិក្ដៅទិសប្រាសាទព្រះវិហារ ដោយរង់ចាំគោរព និងអនុវត្ត​នូវបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការវាយកម្ចាត់សត្រូវ ការពារទឹកដី ការពារជាតិ និងប្រាង្គប្រាសាទខ្មែរ។

លើសពីនេះទៀត គេនៅចាំបានថា នៅក្នុងពេលមានជម្លោះនោះ នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឲ្យទៅចរចារជាមួយ លោក ប្រាយុទ្ធ ចាន់អូរចា ដែលការនោះជាមេទ័ពរបស់ថៃ និងលោក ប្រាវីត វង្សាវណ្ណ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារថៃ ដើម្បីឲ្យភាគីថៃដកទ័ពចំនួន១០នាក់ ចេញពីវត្តកែវសិក្ខាគីរីស្វារៈ ដែលពេលនោះហើយ កាន់តែស្ដែងយ៉ាងច្បាស់​​ពីភាពប៉ិនប្រសព្វរបស់ លោក ជា តារា ដែលលោកនិយាយត្រឹមតែ៥នាទីប៉ុណ្ណោះ ភាគីថៃក៏បាន​ទទួលយកសំណើរ ដោយដកទ័ពចេញពីទឹកដីប្រទេសកម្ពុជាភ្លាម។
 
ភាពអង់អាចក្លាហាន និងគំរូវីរភាពរបស់នាយឧត្តមសេនីយ៍ ជា តារា បានបន្សល់នៅការគោរពស្រលាញ់ និងនឹករលឹកពីសំណាក់មេទ័ព កូនទ័ព ដែលបានរូមសមរភូមិ ដើម្បីការពារ​ជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលជាមេកើយ​បានរំលឹកនូវអនុស្សាវរីយ៍ និងលើកបង្ហាញគំរូវីរភាពជាច្រើនរបស់ នាយឧត្តមសេនីយ៍ ជា តារា​។

​តាមរយៈអង្គភាពព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា នាយឧត្តមសេនីយ៍ ជា តារា គឺជាសេនាធិការដ៏ជំនាញ និងប៉ិនប្រសព្វមួយរូប បានប្រគៀកស្មាជាមួយរូបលោក ដើម្បីដាក់ចេញនៅយុទ្ធវិធី និងកលយុទ្ធនានាដើម្បីប្រយុទ្ធប្រដេញ​ខ្មាំងសត្រូវចេញពីទឹកដីខ្មែរ កាលពីអំឡុងឆ្នាំ២០០៨។

នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងទៀតថា ក្រៅពីការរួម​ប្រយុទ្ធបណ្ដេញខ្មាំងសត្រូវហើយនោះ នាយឧត្ដមសេនីយ៍ ជា តារា ក៏បានរួមចំណែកជាច្រើន ក្នុងការងារកសាង និងអភិវឌ្ឍន៍តំបន់ព្រំដែន នៅតំបន់ប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យជាដើមនោះ។

នាយឧត្តមសេនីយ៍ គន់ គីម បានចាត់ទុកការចូលទៅកាន់​តួនាទីថ្មី ជាសាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យការពារជាតិ របស់​នាយឧត្តមសេនីយ៍ ជា តារា គឺជាការផ្ដល់នូវឱកាសជូនមេទ័ពមួយរូប ដែលមានទាំងចំណេះជំនាញ និងបទពិសោធន៍ លើសមរភូមិដ៏ច្រើន​ សម្រាប់ចែករំលែកដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជាកុលបុត្រ កុលធីតាខ្មែរ ពង្រឹងខឿនការពារជាតិឲ្យកាន់តែរឹងមាំថែមទៀត។

មិនខុសពីមេទ័ពផ្កាយ​៤ គន់ គីម, មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ដែលជាមេទ័ពមួយរូប ដែលជាកូនចៅ និងធ្វើការជាប់ជាប្រចាំជាមួយ នាយឧត្តមសេនីយ៍ ជា តារា ដែលនោះក៏បានលើកសរសើរពីគំរូវីរភាព របស់​នាយឧត្តមសេនីយ៍ ជា តារា ថាជាមេកើយមួយរូប ដែលតែងតែយកចិត្ដទុកដាក់ខ្ពស់ចំពោះសុខទុក្ខ​របស់កូនចៅ ជាពិសេសមានចំណេះជំនាញ និងបទពិសោធន៍ច្រើននៅលើសមរភូមិ។

ទាំងលោកផ្កាយ៤ គន់ គីម និងលោកផ្កាយ៣ ស្រី ឌឹក សុទ្ធបានបង្ហាញពីមនោសញ្ចាតនាគោរពស្រលាញ់ចំពោះ នាយឧត្តមសេនីយ៍ ជា តារា ជាពិសេសនឹករលឹកនូវស្នាមអនុស្សាវរីយ៍ផ្អែក ល្វីង ប្រៃ ជូរ ចត់ និងការតស៊ូជាច្រើននៅលើសមរភូមិរួមគ្នា។ លោក គន់ គីម និងលោ​ក ស្រី ឌឹក សុទ្ធតែបង្ហាញនូវក្ដីអាលះអាល័យ ចំពោះការចាកឆ្ងាយពីការងារទល់ដែន របស់នាយឧត្តមសេនីយ៍ ជា តារា។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១, លោកឧត្ដមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ និងលោកឧត្តមសេនីយ៍ឯក យឿង សុខុន អតីតមេបញ្ជាការកងពលតូចលេខ១១ ដែលបច្ចុប្បន្នជា មេបញ្ជាការយោធភូមិភាគទី៣ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ ពោលគឺពួកគាត់សុទ្ធតែពោរពេញទៅ​ដោយស្នាមអនុស្សាវរីយ៍ និងមនោសញ្ចាតនាយ៉ាងជ្រៀលជ្រៅជាមួយមេទ័ពរូបនេះ។

តែទោះជាយ៉ាងណា ពួកគាត់បានជូនពរ នាយឧត្តមសេនីយ៍ ជា តារា ឲ្យទទួលបានជោគជ័យជាមួយ​តួនាទី និងភារកិច្ចថ្មី លើវិថីនៃការបណ្ដុះបណ្ដាលនូវពុទ្ធិ និងចំណេះជំនាញទាំងឡាយ លើវិស័យការពារជាតិ ឈានទៅសម្រេចបាននូវការកសាងកំពែងការពារបូរណភាព​ជាតិ និងទឹកដីកម្ពុជាឲ្យកាន់តែរឹងមាំ ក្រោមការដឹកនាំដ៏ខ្លាំងពូកែរបស់ បុរសខ្លាំងតេជោសែន៕