(ភ្នំពេញ)៖ នៅក្នុងសន្និសិទទូរស័ព្ទចល័តពិភពលោក ឆ្នាំ២០១៨ (Mobile World Congress 2018) នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុមហ៊ុន សែលកាត
ទទួលបានការទទួលស្គាល់ទូទាំងពិភពលោក ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តនាំមុខគេនៅកម្ពុជា សម្រាប់ល្បឿនអ៊ីនធើណិត 3G, 4G និងល្បឿនដោនឡូតជារួម។នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត់សុន បានទទួលពានរង្វាន់ `State of Mobile Networks: Cambodia’ report (ស្ថានភាពបណ្ដាញទូរស័ព្ទនៅកម្ពុជា) ពី Open Signalនៅក្នុងសន្និសិទទូរស័ព្ទចល័តពិភពលោក ២០១៨ កាលថ្ងៃទីចុងខែកុម្ភៈនេះ ។
OpenSignal ជាស្ថាប័នវាស់ស្ទង់ល្បឿននៃការប្រើប្រាស់សេវាទូរស័ព្ទទូទាំងពិភពលោក បានចេញផ្សាយរបាយការណ៍ អំពីការប្រើប្រាស់ទូរស័ព្ទចល័តថ្មីនៅថ្ងៃនេះ។ ក្នុងរបាយការណ៍នោះ
បានបង្ហាញថា ក្រុមហ៊ុនសែលកាតឈ្នះពានរង្វាន់៤ប្រភេទ ដែលបានកើនឡើងចំនួនពីរពានរង្វាន់ ពីលើពានរង្វាន់ទទួលបានកាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ។ លើសពីនោះ
យោងតាមរបាយការណ៍ចុងក្រោយនោះដែរ សែលកាតបានពង្រឹងការនាំមុខគេ លើសេវាទូរស័ព្ទដូចខាងក្រោម៖
*ល្បឿន 4G សម្រាប់ដោនឡូដ
*ល្បឿន 3G សម្រាប់ដោនឡូដ
*ទំហំសេវា 3G ធំទូលាយ
*ល្បឿនបណ្តាញសេវាទូទៅ
ជាមួយនឹងការវាស់ស្ទង់តាមរយៈទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាង ១០០លានដង ដែលបានទាញយកដោយផ្ទាល់ពីទូរស័ព្ទស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ
ឆ្នាំ២០១៧នេះ ជារូបភាពពិតប្រាកដមួយ ដែលបង្ហាញពីបទពិសោធន៍ នៃការប្រើប្រាស់ទូរស័ព្ទរបស់អ្នកប្រើ ដែលទទួលបាននៅកម្ពុជា។
លោក វ៉ាត់ សុន បានថ្លែងថា «ពានរង្វាន់ដែលយើងទទួលបាននៅថ្ងៃនេះ ជំរុញឲ្យយើងប្ដេជ្ញាចិត្តយ៉ាងមុតមាំ ហើយខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការផ្តល់ឱ្យប្រជាជនកម្ពុជា នូវបទពិសោធន៍ល្អបំផុត
ហើយយុទ្ធសាស្រ្តវិនិយោគទៅលើការពង្រីកបណ្តាញទូរស័ព្ទរបស់យើងឱ្យកាន់តែប្រសើរ កាលពីឆ្នាំ២០១៧ កំពុងតែចាប់ផ្តើមលេចចេញជាលទ្ធផលល្អហើយ។ ការប្រើប្រាស់ទិន្នន័យអ៊ីនធើណិត
បានកើនឡើងច្រើនជាង ៤០០% ហើយការប្រើទិន្នន័យអ៊ីនធើណិតជាមធ្យមបានកើនឡើងដល់៤០០MB ក្នុងមួយថ្ងៃ។ សែលកាត ជាកម្លាំងចលករមួយ ដែលនាំមកនូវការផ្លាស់ប្តូរ
ក្នុងទីផ្សារកម្ពុជា ដោយផ្តល់ឱ្យអតិថិជននូវបណ្តាញទូរស័ព្ទល្បឿនលឿន មានតម្លៃទាបបំផុត រួមជាមួយការផ្ដល់ជូនគម្រោងអ៊ីនធើណិត ដែលមានសុពលភាពវែង»។
ទិន្នន័យក្នុងរបាយការណ៍ខាងក្រោមនេះ បង្ហាញពីការនាំមុខគេរបស់ក្រុមហ៊ុនសែលកាតនៅក្នុងទីផ្សារ៖
*រក្សាបាននូវល្បឿន 4G នៅ 19.4 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps,
*ល្បឿន 3G អតិបរិមា 2.5 MBps ស្របពេលដែល Smart Axiata មានល្បឿន 1.9 MBps,
*ល្បឿនបណ្តាញសេវាទូទៅ 10.6 MBps ស្របពេលដែល Smart Axiata ទទួលបានចំណាត់ថ្នាក់ទីពីរជាមួយនឹងល្បឿន 8.8 MBps។
លោក ចន ចន ណាវ៉ាល នាយកផ្នែកបច្ចេកវិទ្យារបស់សែលកាត បានថ្លែងថា ក្រុមរបស់គាត់ តែងតែធ្វើតេស្តល្បឿនអ៊ីនធើណិត ហើយជាញឹកញាប់លទ្ធផលបានបង្ហាញពីល្បឿន 4G
ដែលមានល្បឿនលឿនជាង 40 Mbps ឯណោះ។ លោកបានឲ្យដឹងទៀតថា «យើងក៏បានដាក់ពង្រាយប្រព័ន្ធ LTE Advanced ផងដែរដោយប្រើប្រាស់បច្ចេកវិទ្យា 2CA និង 3CA
ដែលអាចផ្ដល់ឲ្យល្បឿនអតិបរមារហូតដល់ 300 Mbps នៅក្នុងទីក្រុងសំខាន់ៗ រួមមានទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ នៅក្នុងតំបន់ដែលមានតម្រូវការអ៊ីនធើណិតខ្ពស់
យើងបានដាក់ពង្រាយបច្ចេកវិទ្យា 4X4MIMO ដែលអាចទាញល្បឿនអតិបរមារហូតដល់ 400 Mbps ហើយជាមួយនឹង 3G យើងបានប្រើយុទ្ធសាស្រ្ត 3CC Carrier និងបានដាក់ពង្រាយ
900 MHz ទៅលើប្រព័ន្ធ 3G ដើម្បីអោយដំណើរការសេវាកាន់តែល្អប្រសើរជាងមុន»។
លោក ចន ចន ណាវ៉ាល បន្ថែមថា នៅក្នុងតំបន់មួយចំនួន កំពុងទទួលបាននូវល្បឿនលឿនគួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែការផ្តោតសំខាន់របស់យើង គឺការធានាឱ្យមានស្ថេរភាព
នៃល្បឿនរបស់បណ្តាញទូរស័ព្ទរបស់យើងនៅទូទាំងតំបន់ធំៗ ។កាលពីខែមករា ឆ្នាំ២០១៧ សែលកាត បានពង្រីកបណ្ដាញសេវាគ្របដណ្ដប់ 4G រហូតដល់ ជាង២៥០០កន្លែង លើសពីនេះទៀត
បានប្ដូរបច្ចេកវិទ្យា 2G មកកាន់បច្ចេកវិទ្យា RAN 2G / 3G / 4G តែមួយចុងក្រោយបំផុតទូទាំងប្រទេស៕