(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ បានព្រលះធ្ងន់ៗចំពោះព្រះសង្ឃ ប៊ុត ប៊ុនទិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ និងបានហៅព្រះសង្ឃមួយអង្គនេះថា ជាសង្ឃចោរ សង្ឃក្លែងភេទ ហើយបួសដើម្បីបំផ្លាញសាសនាយ៉ាងធ្ងន់ធ្ងរ ដែលជាសាសនារបស់រដ្ឋ។
មន្រ្តីជាន់ខ្ពស់រូបនេះបានប្រកាសថា នៅពេលនេះថ្នាក់ដឹកនាំព្រះសង្ឃនៅកម្ពុជា បាននិងកំពុងសិក្សាករណីនេះរួចហើយនឹងមានវិធានការតាមព្រះធម៌វិន័យ មុនបន្តឲ្យក្រសួងធម្មការ និងសាសនា ដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការចាត់វិធានការចំពោះបុគ្គលសង្ឃអង្គនេះ។
ប្រតិកម្មធ្ងន់ៗរបស់ក្រសួងធម្មការ និងសាសនាខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសង្ឃ ប៊ុត ប៊ុនតិញ បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ដល់ព្រះចេស្តាអង្គព្រះមហាក្សត្រថា បានសោយទឹកនោមរបស់វៀតណាម ក្រៅពីនាយករដ្ឋមន្រ្តី និងប្រជាជនខ្មែរ នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដែលផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា «បើសិក្សាលើព្រះវិន័យសង្ឃនេះខុសទាំងស្រុង ហើយឥឡូវនេះកំពុងជាប់ពិរុទ្ធរឿងតុលាការកោះហៅ រឿងលួចលុយបុណ្យសពលោក កែម ឡី ទៀត។ មួយទៀតសង្ឃនេះបានមូលបង្កាច់ ប្រទេចផ្តាសាដល់ព្រះមហាក្សត្រនៃយើង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧបាសក ឧបាសិកា ព្រះពុទ្ធសាសានា គឺខុសធម៌វិន័យធ្ងន់ធ្ងរណាស់»។
លោក សេង សុមុនី បានបន្ថែមខ្លាំងៗថា «នេះជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដល់ព្រះមហាក្សត្រ ដល់នាយករដ្ឋមន្រ្តី ដល់ប្រជាពលរដ្ឋខ្មែរ ចឹងគាត់បួសបំផ្លាញព្រះពុទ្ធសាសនា បួសក្លែងភេទ ដើម្បីយកស្បង់ចីវរជាមុខរបរកស៊ី បួសដើម្បីយកស្បង់ចីវរបិតបាំង បើគ្រាន់បើ សឹកមកធ្វើនយោបាយប្រកួតប្រជែងជាមួយគ្រហស្ថ។ តែនេះយកស្បង់ចីវរ ប្រព្រឹត្តអំពើអាក្រក់ ធ្វើជាចោរ ជនក្លែងភេទ គឺខុសធម៌វិន័យព្រះពុទ្ធសាសនា និងច្បាប់រដ្ឋយ៉ាងធ្ងន់ធ្ងរមិនអាចលើកលែងឲ្យបានឡើយ។ បើគណៈសង្ឃកាត់សេចក្តីឃើញមានទោសហើយ នឹងប្រគល់ជូនអាជ្ញាធរ ក្រសួងធម្មការជាអ្នកប្តឹង ទៅតាមច្បាប់នៅក្នុងតុលាការ»។
បើតាមអ្នកនាំពាក្យរូបនេះសម្រាប់វស័យព្រះពុទ្ធសាសនា និងព្រះសង្ឃ កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានសេចក្តីសម្រេចឲ្យតាមក្រសួង និងស្ថានប័នរដ្ឋទាំងអស់ ត្រូវរៀបចំអសនៈព្រះសង្ឃ ឲ្យខ្ពស់ជាងគ្រហស្ថ រហូតឲ្យក្រសួងចេញចរាចរណែនាំទៀតផង។
នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ដែលផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សង្ឃ ប៊ុត ប៊ុនតិញ បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ព្រះចេស្តាអង្គព្រះមហាក្សត្រថា បានសោយទឹកនោមរបស់វៀតណាម ក្រៅពីនាយករដ្ឋមន្រ្តី និងប្រជាជនខ្មែរ។ សង្ឃ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា «រាល់ថ្ងៃនេះ ខ្មែរភ្នំពេញ និងខ្មែរនៅតាមបណ្តាខេត្តមួយចំនួនទៀតផឹកទឹកនោមយួនទេ គេនោម គេជុះដាក់ទន្លេ ហើយយើងយកទឹកទន្លេដែលបកមកក្បែរ វាំងហ្នឹង កន្លែងប្រសព្វទឹកចាក់មកក្បែវាំងហ្នឹង អញ្ចឹងអ្នកដែលផឹកទឹកនោមយួន មិនមែនតែនាយករដ្ឋមន្រ្តីទេ ស្តេចហ្នឹងក៏ផឹក តែអត្មាអ្នកសៀមរាបអត់មានផឹកទេ គឺជីកអណ្តូងផឹក»។
ការប្រមាថរបស់សង្ឃ ប៊ុត ប៊ុនតិញ គឺជាទង្វើញុះញង់រើសអើង ព្រមទាំងហាក់ដូចជាផ្គើននឹងវិសោធនកម្មថ្មី នៃក្រមព្រហ្មទណ្ឌ ដែលទើបនឹងធ្វើវិសោធនកម្មថ្មី ត្រង់ចំណុចប្រមាថ ព្រះមហាក្សត្រ ហើយឆ្លងផុតដំណាក់កាលព្រឹទ្ធសភា។ បើតាមច្បាប់នេះ ការប្រមាថអង្គព្រះមហាក្សត្រ នឹងត្រូវទទួលទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យប្រាក់២លាន ដល់១០លានរៀល។
វិសោធនកម្មច្បាប់នេះ បានចែងយ៉ាងដូច្នេះថា៖ «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
បន្ទាប់ពីមានការប្រមាថបែបនេះ មានប្រជាពលរដ្ឋយ៉ាងច្រើន បានរិះគន់ខ្លាំងៗ និងមិនអាចទទួលយកបាននោះទេ ចំពោះការមើលងាយយ៉ាងធ្ងន់ធ្ងរបែបនេះ ពីសង្ឃ ប៊ុត ប៊ុនទិញ ហើយប្រកាសឲ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ឲ្យខ្លាំងក្លាថែមទៀតផង៕