(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ បានចេញអនុក្រឹត ស្ដីពីការទទួលស្គាល់ការប្ដូរឈ្មោះ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ទៅជា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (ស.ឥ.វ) ហៅជាភាសាអង់គ្លេសថា University of Indrawichea (UI) ។
លោកឧកញ៉ាបណ្ឌិត ឡាច សំរោង ជាសមាជិកអចិន្រ្តៃយនៃក្រុមប្រឹក្សាភិបាល និងជា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការវិត្តន៍នៃសភាពការការអប់រំនៅកម្ពុជានាពេលបច្ចុប្បន្នបេះ បានទាមទារឲ្យមានការរៀបចំ កែទម្រង់និងការប្រព្រឹត្តទៅប្រកបដោយគុណវុឌ្ឍិជាតិ នៅក្នុងវិស័យអប់រំ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចំណេះដឹង បទពិសោធន៍ សីលធម៌ និងគុណធម៌ ដែលជាអង្គទាំងបួនន នៃការ បណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់ជាប្រយោជន៍បម្រើដល់ ប្រទេសជាតិនិងប្រជាជន និងជាការរួមចំណែកនៅក្នុងការអភិវឌ្ឍ លើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ។
ឧកញ៉ាបណ្ឌិតសាកលវិទ្យាធិការបាន បន្ថែមទៀតថា នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមវិសេសវិសាល ដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹតទទួលស្គាល់នូវការប្ដូរឈ្មោះរបស់ សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ទៅជា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ក្នុងនាមគណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តាចារ្យទាំងអស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា យើងខ្ញុំនិងខិតខំប្រឹងប្រែងរៀបចំនូវកម្មវិធីសិក្សាល្អៗ ពង្រឹងវិន័យសេចក្ដីថ្លៃថ្នូរក្នុងការអប់រំក្នុងនាមគ្រឹះស្ថានឧត្តមសិក្សាអប់រំស្របតាមគោលគុណវុឌ្ឍិជាតិ លើវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមគណៈគ្រប់គ្រងសាកវិទ្យាល័យឥន្ទ្រវិជ្ជា (UI) លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សូមក្រាបប្រណិបត្តិប្រកបដោយគាវរភក្តីគោរព ដើម្បីថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់ជាទីបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចតេជោ ទទួលស្គាល់ជាផ្លូវការនូវការប្តូរឈ្មោះ ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា មកជាសាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ផងដែរ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីប្រចាំទីស្ដីការគណៈរដ្ឋមន្ត្រី និងចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅក្នុងការជួយគ្រប់និតិវិធី ច្បាប់ក្នុងការផ្លាស់ប្ដូរឈ្មោះពីសាកលវិទ្យាល័យចំរើនពហុ បច្ចេកវិទ្យា ទៅជា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) នេះ ។
សូមរំលឹកជូនថា សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខ៥៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់នូវកាប្តូរឈ្មោះពីសាកលវិទ្យាល័យចំរើន ពហុបច្ចេកវិទ្យា ទៅជា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា តាមរយៈអនុក្រឹតលេខ ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៨ វិញ៕