(ភ្នំពេញ)៖ ខារ៉ាអូខេ «Coloso» ស្ថិតនៅតាមផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា និងអាជ្ញាធរខណ្ឌ ចុះទៅអនុញ្ញាតឲ្យបើកដំណើរឡើងវិញហើយ តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ បន្ទាប់ពីបានចុះទៅបិទ ដោយសារធ្លាយវីដេអូនារីម្នាក់ រាំស្រាតល្វែងខាងលើដ៏ស្រើបស្រាល ជាមួយបុរសជាភ្ញៀវម្នាក់។
ជាការកត់សម្គាល់ ការដែលចុះទៅបិទហាងខារ៉ាអូខេមួយនេះ ក៏ផ្ទុះនូវមតិរិះគន់ និងការជជែកគ្នាមិនតិចឡើយ នៅតាមបណ្តាញសារសង្គម ក៏ដូចជា មជ្ឈដ្ឋានជាច្រើន ក្នុងសូម្បីតែរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានបង្ហោះឌឺដងឲ្យដែរចំពោះវិធានការបែបនេះ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានឲ្យដឹងថា ទីតាំងខារ៉ាអូខេ ត្រូវបានព្រះរាជអាជ្ញាធរដឹកនាំមន្រ្តី ចុះទៅបើកឲ្យដំណើរការឡើងវិញហើយ នៅថ្ងៃម្សិលមិញ ប៉ុន្តែលោកមិនបានចូលរួមទេ គឺមានអភិបាលរងម្នាក់បានអញ្ជើញចូលរួម។ យ៉ាងណានោះ សម្រាប់ព័ត៌មានបន្ថែមជាងនេះ លោកអភិបាលខណ្ឌ បានបង្វែរឲ្យទៅសួរនាំលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញវិញ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងចម្រុះរដ្ឋបាលខណ្ឌចំការមនដឹកនាំដោយលោកស្រី កែវ សុគន្ធា ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ, លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និងលោកស្រី គឹម វណ្ណា ប្រធានការិយាល័យទេសចរណ៍រាជធានីភ្នំពេញ បានចុះមកពិនិត្យទីតាំងខារ៉ាអូខេ កូឡូសូ មានការរាំអាស់អាភាស រហូតដល់បិទតែម្តង។
នៅថ្ងៃទី២៧ ខែកុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាឥស្សរជនម្នាក់ មានភាពមមាញឹកជាទីបំផុត លើការលេងបណ្តាញសង្គមមួយនេះ បានបង្ហោះខ្លឹមសារនៅលើ Account Facebook របស់លោក ដោយឌឺដងចំពោះចំណាត់ការ ចុះបិទខារ៉ាអូខេ។ លោកចាត់ទុកថា ខឹងគោបែរជាទៅវាយរទេះទៅវិញ។ បើទោះបីខ្លឹមសារទាំងមូលរបស់លោករដ្ឋមន្រ្តី គ្មានឃ្លាណា ឬពាក្យណាបង្ហាញឲ្យចំចំពោះករណីនេះក៏ពិតមែន ប៉ុន្តែគេអាចវាយតម្លៃយ៉ាងច្បាស់ថា លោករដ្ឋមន្រ្តីបានសម្តែងទៅលើបញ្ហាដ៏កក្រើកមួយនេះ។
នៅលើ Account Facebook នាល្ងាចថ្ងៃនោះ លោក ខៀវ កាញារីទ្ធ បានបង្ហោះថា «សូមទោសជាមុនដែលមាត់ខ្ញុំទទួលទានអំបិល ប្រហុក ហេតុនេះចេះតែរពិសមាត់។ យើងតែងប្រាប់ប្រជាជនថា កុំខឹងគោវាយរទេះ ពោលគឺបុគ្គលម្នាក់ធ្វើខុស តែមកស្អប់រាជរដ្ឋាភិបាលនោះមិនត្រូវទេ។ តែដល់ភ្ញៀវធ្វើខុសនៅក្នុងហាង អ្នកខុសអត់មានទោស តែបិទហាងទាំងមូល។ ណឹងមិនយើងប្រាប់រាស្ត្រផ្សឹង តែយើងធ្វើផ្សេង?»។
កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅនេះ វីដេអូឃ្លឹបបង្ហាញពីការរាំស្រាត បែបអាសអាភាស មួយត្រូវបានគេចែកចាយ តាមរយៈបណ្តាញសង្គម ហើយវីដេអូនោះ គេទម្លាយឲ្យដឹងថា នៅក្នុងបន្ទប់ខារ៉ាអូខេ កូឡូសូ «Coloso» ដែលថតដោយភ្ញៀវក្នុងបន្ទប់១ នៃខារ៉ាអូខេ។
បើតាមអ្នកដឹងរឿងខ្លះបានឲ្យដឹងថា នារីម្នាក់នេះមិនមែនជាបុគ្គលិកដែលបម្រើការងារជាប្រចាំ នៅក្នុងខារ៉ាអូខេនេះទេ ដោយក្រុមភ្ញៀវដែលជាអ្នករកស៊ីឈើ និងមន្រ្តីនគរបាលនោះ បានហៅមកពីខាងក្រៅ ឲ្យចូលទៅច្រៀងលេងកម្សាន្តជាមួយ រហូតបញ្ចេញសកម្មភាពរាំស្រាតល្វែងលើទាំងអស់តែម្តង៕