(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទៅជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ និងតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មើ «រដ្ឋមន្រ្តី» នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃសុក្រនេះ។
នៅក្នុងព្រះរាជក្រឹត្យ បានត្រាស់បង្គាប់៖ «ផ្ទេរភារកិច្ចនាយឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា អត្តលេខ ០០០១៨៣ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ និងតែងតាំងឯកឧត្តម ជា តារា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ មានឋានៈស្មើរដ្ឋមន្រ្តី»។
នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្រោយបញ្ចប់ការសិក្សា៥ឆ្នាំ (១៩៩៥ ដល់ ១៩៩៩) នៅប្រទេសបារាំង រៀនសាលាសង្គ្រាម (Ecole de guerres) និងរៀននៅមជ្ឈមណ្ឌលសិក្សាការទូត និងយុទ្ធសាស្ត្រ (Centre d’etudes Diplomatiques et Strategiques) ទទួលបានសញ្ញាប័ត្របណ្ឌិត និងធ្លាប់បានទៅសិក្សាសាលាបណ្ឌិតសភា អតីតសហភាពសូវៀត Academy Brouzaire ព្រមទាំងបណ្តាសាលាផ្សេងៗទៀត។
ក្រោយមកក្នុងព្រឹត្តិការណ៍ប្រាសាទព្រះវិហារ ក្នុងមុខងារនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ បានដឹកនាំអនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារប្រាសាទព្រះវិហារដោយជោគជ័យ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់សំណើថ្វាយព្រះមហាក្សត្រ ព្រះរាជទាននូវព្រះរាជក្រឹត្យតែងតាំងមុខងារជា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ មានឋានៈស្មើរដ្ឋមន្រ្តី ជំនួសឧត្តមសេនីយ៍ឯក អ៊ុង ស៊ាន អតីតសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ៕