(ព្រះសីហនុ)៖ អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បានទទូចស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយបិទរោងចក្រលាយស៊ីម៉ង់បេតុងមួយ មានឈ្មោះថា «យូញៀន ខនក្រិត» ដោយសារក្រុមហ៊ុនមួយនេះ បានធ្វើសកម្មភាពអាជីវកម្មនៅជាប់នឹងសាលារៀនខាងលើ បង្ហុយខ្យល់កខ្វក់លាយធូលីស៊ីម៉ង់ចេញពីទីតាំងរបស់ខ្លួន ប៉ើងហុយចូលក្នុងសាលារៀន បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពសិស្សានុសិស្ស។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងលេខ ០៩២/១៨ ស.ជ.ណ សម្រេចបិទដំណើរការ រោងចក្រខាងលើនេះរួចហើយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ ស្រាប់តែក្រុមហ៊ុនលាយស៊ីម៉ង់ខាងលើ លួចធ្វើសកម្មភាពគគ្លើននឹងចំណាត់ការ របស់អាជ្ញាធរយ៉ាងដូច្នេះតែម្ដង ដែលនេះបង្ហាញថា ក្រុមហ៊ុនមិនគោរពតាមការណែនាំរបស់អាជ្ញាធរទាល់តែសោះ។

ដោយសារដល់ថ្នាក់អាជ្ញាធរខេត្តចេញចំណាត់ហើយ តែក្រុមហ៊ុនដ៏ព្រហើនមួយនេះ នៅតែល្មើសទៀតយ៉ាងដូច្នេះទៀតនោះ ទើបប្រជាពលរដ្ឋ និងអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ សង្ឃឹមជឿជាក់លើសម្តេចតេជោ នាយករដ្ឋមន្ត្រីតែមួយរូបគត់ ដែលអាចជួយប្រជាពលរដ្ឋបាន។

ការបង្កសកម្មភាពផ្គើន នឹងការណែនាំរបស់អាជ្ញាធរ និងទទូចស្នើសុំដល់ប្រមុខកំពូលនៃរាជរដ្ឋាភិបាលនេះ ចំពេលដែលសម្ដេចតេជោ ហ៊ុន សែន រួមជាមួយគណៈប្រតិភូអមដំណើរ ត្រៀមអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករនៅខេត្តព្រះសីហនុ នាថ្ងៃស្អែកនេះ៕