(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាផងនោះ បាននិងកំពុងមមាញឹកជាមួយការចុះជួបស្វែងយល់ពីសុខទុក្ខ និងរិះរកវិធីលើកម្ពស់ជីវភាពរបស់អតីតយុទ្ធជន ដែលសុទ្ធតែជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិ។
ការបង្ហាញសកម្មភាពមមាញឹកនៅតាមមូលដ្ឋានរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងគ្រាដែលមានការផ្សព្វផ្សាយព័ត៌មានបំភ្លៃមួយចំនួនថា មានការបែកបាក់នៅក្នុងជួរកងទ័ព បន្ទាប់ពីនាយឧត្តមសេនីយ៍ គន់ គីម ប្រគល់ភារកិច្ចគ្រប់គ្រងការងារសេនាធិការចម្រុះជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានាយរងនៃសេនាធិការចម្រុះនោះ។
នៅល្ងាចថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វសក្តិ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាអតីតយុទ្ធជនក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រមាណ ៨០០នាក់។
ជំនួបជាមួយអតីតយុទ្ធជនអ្នកបានតស៊ូលើសមរភូមិដើម្បីបុព្វហេតុជាតិលើទឹកដីនៃសមរភូមិប្រយុទ្ធនេះ លោកផ្កាយ៤ គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
នៅចំពោះមុខអតីតយុទ្ធជននាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូន ហើយតែងបានក្រើនរំលឹកជានិច្ចឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនចុះដោះស្រាយរាល់បញ្ហាកំពុងប្រឈមបងប្អូនអតីតយុទ្ធជន។
ក្នុងឱកាសនោះលោក គន់ គីម បានថ្លែងកោតសសើរចំពោះថ្នាក់ដឹកនាំសមាគមស្រុក ឃុំ ដែលបានខិតខំបំពេញភារកិច្ចបានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមជូនអតីតយុទ្ធជន ជាពិសេសការបើកប្រាក់មរណៈសង្គ្រោះ និងថ្លែងអំណរគុណចំពោះ សមាជិក សមាជិកា អតីតយុទ្ធជនដែលចេះសាមគ្គីជួយគ្នានៅពេលមានធុរៈ។
ដោយការយកចិត្តទុកដាក់ចំពោះគុណបំណាច់របស់អតីតយុទ្ធជនដែលបានបូជាជូនជាតិមាតុភូមិកន្លងមកនោះ នៅល្ងាចថ្ងៃនេះអតីតយុទ្ធជនទាំង ៨០០នាក់ ត្រូវបានរាជរដ្ឋាភិបាលបំពាក់មេដាយការពារជាតិថ្នាក់សំរិទ្ធ និងប្រាក់ទៅតាមអតីតភាពម្នាក់ៗតាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា ចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះតទៅ លោកនឹងចុះជួបអតីតយុទ្ធជននៅគ្រប់រាជធានី ខេត្ត ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាដែលអតីតយុទ្ធជនកំពុងជួបប្រទះ៕