(ភ្នំពេញ)៖ អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ មកចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរា ចំនួន៣០គ្រួសារ នៅក្នុងវត្តទួលសង្កែ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ថ្លែងក្នុងពិធីចែកអំណោយនៅព្រលប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ជា ពិសី អភិបាលខណ្ឌ បានលើកឡើងថា អំណោយដែលចែកជូននេះ ត្រូវបានធ្វើឡើង ដោយមិនប្រកាន់ពីពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយឲ្យតែរស់នៅកម្ពុជា និងមិនពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ពីព្រោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំហើយ ផ្ដាំទៀតឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងមិនត្រូវមើលរំលងជាដាច់ខាតចំពោះជនងាយរងគ្រោះ។
លោកអភិបាលខណ្ឌ បានបន្ដថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំជានិច្ចជាកាលតែងតែផ្ដល់វត្តមាន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រ ដោយគ្មានលក្ខខណ្ឌ តែកុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅពេលខាងមុខពីព្រោះសន្លឹកឆ្នោតត្រឹមមួយសន្លឹក របស់បងប្អូនប្រជាពលរដ្ឋមានសារៈសំខាន់ខ្លាំងណាស់ ដែលអាចសម្រេចជោគវាសនាខ្លួនឯង និងជោគវាសនាបប្រទេសជាតិបាន គឺនាំគ្នាទៅបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដឹកនាំជានាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៀត។
ជាមួយគ្នានោះ លោក ជា ពិសី លើកឡើងដែរថា ក្រៅពីប្រាក់ខែកម្មករ កម្មការិនី ត្រូវបានដំឡើងជាបន្តបន្ទាប់ ប្រាក់ខែមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ត្រូវបានដំឡើងបន្ថែមក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល ក្នុងខែមេសា ខាងមុខនេះ ហើយអាចបើកប្រាក់ខែ បាននៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែរថែមទៀតផង ក្រោមការយកចិត្តទុកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕