(ព្រះវិហារ)៖ នាយឧត្ដមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញ ប្រគល់ផ្ទះចំនួន២ខ្នង ជូនដល់គ្រួសារអតីតយុទ្ធជន ដែលជាជនពិការនៅខេត្តព្រះវិហារ។
ក្នុងពិធីនោះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ចាន់ សុភក្ត្រា ប្រធានសមាគមអតីតយយុទ្ធជនកម្ពុជាខេត្តព្រះវិហា និងស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងសមាជិកមួយចំនួនទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី ចាន់ សុភក្ត្រា បានរាយការណ៍ឲ្យដឹងថា នេះជាលំនៅដ្ឋានលើកទី៨ ហើយដែលសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានសាងសង់ជូន និងប្រគល់ដល់គ្រួសារអតីតយុទ្ធជនដែលជាជនពិការក្នុងខេត្តព្រះវិហារ។
លំនៅដ្ឋានលើកទី៧ និងទី៨នេះ សាងសង់ឡើងអំពីឈើ ប្រក់ស័ង្គសី ជាប្រភេទផ្ទះខ្ពស់ ទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ តាមរចនាបទខ្មែរជនបទ ដែលក្នុងថ្ងៃនេះ ត្រូវបានប្រគល់ជូនដល់គ្រួសារលោក ប្រាក់ សៅ ជាជនពិការក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ និងប្រគល់ជូនដល់គ្រួសារលោក លឹម លេខ ជាជនពិការរស់នៅក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ៕