(សៀមរាប)៖ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងថា អាជ្ញាធរជាតិអប្សរា និងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌ និងបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបជាមួយលោក OH Nak Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការជួសជុល អភិរក្សបេតិកភណ្ឌ និងបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងអ្នកជំនាន់ក្រោយ លើវិស័យវប្បធម៌ជាមួយគ្នាឱ្យកាន់តែប្រសើរឡើង។
លោកកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការរបស់សាធារណរដ្ឋកូរ៉េ ជាមួយអាជ្ញាធរជាតិអប្សរា លើផ្នែកជួសជុល អភិរក្សវិស័យបេតិកភណ្ឌក្នុងតំបន់អង្គរនៅក្រុមប្រាសាទព្រះពិធូរ ក្រោមការទទួលខុសត្រូវរបស់គម្រោងអភិរក្ស ជួសជុលក្រុមប្រាសាទព្រះពិធូរ (KCHF) ដែលទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ លើសពីនេះទៀត KCHF ក៏បានជួយបណ្តុះបណ្តាលធនធានមនុស្សរបស់អប្សរាបានជាច្រើននាក់ ទាំងនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា នៅការដ្ឋាន និងនៅប្រទេសកូរ៉េ។
លើសពីនោះទៀត លោកក៏បានស្វែងរកការជួយជ្រោមជ្រែង ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីបំពេញជំហានទី៣ នៃការកសាងផ្លូវវាងរមណីយដ្ឋានអង្គរ ដែលនៅសល់ប្រវែង៤គីឡូម៉ែត្រទៀត។ លោកក៏បានស្នើសុំឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងជំនាន់ក្រោយរវាងកម្ពុជា-កូរ៉េ ដែលនឹងធ្វើឡើងនៅអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យពួកគេយល់ដឹងកាន់តែច្រើនបន្ថែមទៀតអំពីវិស័យបេតិកភណ្ឌ និងបង្កើតទំនាក់ទំនង ដើម្បីផ្សារភ្ជាប់អ្នកជំនាន់ក្រោយនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរថែមទៀត។
លោក OH Nak Young ដែលធ្លាប់ជាមន្ត្រីការទូតរបស់សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានចាប់អារម្មណ៍ជាខ្លាំង ចំពោះភាពរីកចម្រើនច្រើនលើគ្រប់វិស័យនៅក្នុងខេត្តសៀមរាប នាពេលបច្ចុប្បន្ន។
លោកបានគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងស្ថាប័នផ្សេងៗរបស់កូរ៉េ និងអាជ្ញាធរជាតិអប្សរា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយកម្ពុជាកូរ៉េ លើវិស័យបេតិកភណ្ឌ និងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើការងារអភិរក្ស ក្នុងតំបន់អង្គរឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកក្នុងការថែរក្សារមរតកវប្បធម៌បេតិកភណ្ឌពិភពលោករួមគ្នា។ លើសពីនេះ លោកក៏បានបង្ហាញពីគោលបំណង ក្នុងការបន្តជំរុញឲ្យភ្ញៀវទេសចរជនជាតិកូរ៉េ ឲ្យមកទស្សនានៅកម្ពុជា ជាពិសេសរមណីយដ្ឋានអង្គរឲ្យកាន់តែច្រើនថែមទៀត៕