(កណ្តាល)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធ សពឧបាសិកា តាត់ ឡឹង អ្នកម្តាយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបាននិងកំពុង រៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្នុងក្រុងតាខ្មៅ។
ក្នុងសារលិខិតរបស់ សម្តេច សាយ ឈុំ បានចាត់ទុក មរណភាពរបស់មហាឧបាសិកា តាត់ ឡឹង គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត និងក្រុមគ្រួសារទាំងមូល។
សូមជម្រាបថា មហាឧបាសិកា តាត់ ឡឹង បានទទួលមរណភាព នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។ បច្ចុប្បន្នសពមហាឧបាសិកា កំពុងធ្វើបុណ្យតាមប្រពៃណី នៅភូមិគ្រឹះរបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្នុងក្រុងតាខ្មៅ៕