(ភ្នំពេញ)៖ រយៈពេលជិត២០ថ្ងៃនៃការអនុវត្តន៍ចំណាត់ការក្តៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រថយន្តតទ្រុងខុស លក្ខណៈបច្ចេកទេសជិត ១ពាន់គ្រឿងត្រូវបានចាប់កាត់ទ្រុងចេញ។ ចំនួនរថយន្តដែលកាត់ទ្រុងក្នុងរយៈពេលជិត២០ថ្ងៃនេះ ស្មើនឹងការ អនុវត្តន៍រយៈពេលមួយឆ្នាំក្នុងឆ្នាំ២០១៧កន្លងទៅ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ប្តេជ្ញាថា ក្រោយអនុវត្តន៍នូវចំណាត់ការក្តៅនេះទៅ លោកនឹងមិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេសនេះកើតមានជាថ្មីនោះឡើយ។
លោក ស៊ុន ចាន់ថុល ដែលមានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរនោះ នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រី ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យយានយន្តកែច្នៃ តទ្រុងខុសលក្ខណៈបច្ចេកទេស និងរថយន្តដែលបំពាក់ភ្លើងសញ្ញាមិនបានត្រឹមត្រូវនៅលើផ្លូវជាតិលេខ៤។
ប្រតិបត្តិការត្រួតពិនិត្យរថយន្តដើម្បីរួមចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍លើដងវិថីនេះ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យរថយន្តជាច្រើន គ្រឿង។ ជាលទ្ធផលរកឃើញរថយន្តមួយគ្រឿងលើសប្រវែងបណ្តោយ, រថយន្ត ២២គ្រឿងខ្វះឯកសារត្រូវបានផាកពិន័យ និងណែនាំឲ្យ ទៅបំពេញសំណុំបែបបទបន្ថែម, រថយន្ត ២៥គ្រឿង ត្រូវបានឃាត់ទុកដោយសារដឹកសំពីងសំពោង មិនមានភ្លើងសញ្ញាត្រឹមត្រូវ ខុស លក្ខណៈបច្ចេកទេសផ្សេងៗងាយបង្កជាគ្រោះថ្នាក់ចរាចរ។
លោក ស៊ុន ចាន់ថុល ក្នុងបទសម្ភាសន៍ជាមួយ Fresh News បានគូសបញ្ជាក់ថា ប្រតិបត្តិការកាត់ទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេស និងការរឹតបន្តឹងការធ្វើចរាចរណ៍របស់យានយន្តដែលមិនមានបំពាក់ភ្លើងសញ្ញាគ្រប់គ្រាន់លើដងវិថី ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ លើដងវិថីនឹងបន្តធ្វើជាប្រចាំគ្មានការដកថយនោះឡើយ។ ជាវិធានការសម្រាប់ទប់ស្កាត់កុំឲ្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស កម្រើកឡើងវិញ លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា លោកនឹងបិទរាល់យានដ្ឋានដែលបន្តកែច្នៃរថយន្តខុសច្បាប់។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះ «អត់ទេយើងកុំទៅបក់ផ្សែងទៀត។ មន្ត្រីយើងចុះទៅកន្លែងកែច្នៃយានដ្ឋាននឹងហ្មង បើខុស ច្បាប់យើងបិទចោលតែម្តងទៅ កុំនៅអង្គុយបក់ផ្សែងហ្នឹងទី១។ ទី២ យើងខ្ញុំបានប្រាប់ទៅកំពង់ផែបើឡានហ្នឹងតទ្រុងខុសលក្ខណៈបច្ចេក ទេសកុំដាក់កុងតឺន័រឲ្យទុកចោលនៅកំពង់ផែទៅ កុំឲ្យពិបាកចាប់នៅតាមផ្លូវ»។
ពាក់ព័ន្ធចំណាត់ការកាត់ទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេសនេះ បន្ទាប់ពីអនុវត្តន៍មួយរយៈពេលខ្លីសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ ហៅកាត់ថា GMAC បានស្នើសម្តេចតេជោ ហ៊ុន សែន ជួយសម្របសម្រួលកុំឲ្យមានការកាត់រថយន្តកុងតឺន័រដែលមានប្រវែងលើស ១៦ម៉ែត្រ។ តែសំណើរារាំងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជានេះ មិនត្រូវបានអនុគ្រោះនោះឡើយ។
លោក ស៊ុន ចាន់ថុល បានអះអាងថា រាល់រថយន្តដឹកកុងតឺន័រ ដែលមានប្រវែងលើស១៦ម៉ែត្រត្រូវតែកាត់ តែមិនមែនកាត់ទូកុងតឺន័រឡើយ គឺតែតួនរថយន្តដែលដឹកតែប៉ុណ្ណោះ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ពីមូលហេតុដែលមិនអនុគ្រោះចំពោះសំណើរបស់សមា គមកាត់ដេរនេះថា ការទុករថយន្តវែងជាង ១៦ម៉ែត្រឲ្យធ្វើដំណើរលើដងវិថី គឺវាផ្ទុយនឹងច្បាប់របស់កម្ពុជា ហើយមួយវិញ គឺមិនត្រូវទៅតាម ស្តង់ដារផ្លូវពីរគន្លងដូចជាកម្ពុជា ពោលពេលបត់ម្តងគឺពិបាកនាំឲ្យមានការកកស្ទះចរាចរណ៍។
«ច្បាប់យើងអនុញ្ញាតឲ្យពីក្បាលឡានដឹក ទៅកន្ទុយវាប្រវែង ១៦ម៉ែត្រ អាហ្នឹងជាច្បាប់ ប៉ុន្តែដាក់កុងតឺន័រលើសយើងមិនដែលកាត់កុងតឺន័រទេ កាត់តែតួឡានហ្នឹងឯង។ ដូច្នេះបើក្រុមហ៊ុនដឹកជញ្ជូនយកក្បាលធម្មតាមកប្រើអត់លើសទេ១៦ម៉ែត្រ ប៉ុន្តែបើយកក្បាលវែង ៤-៥ម៉ែត្រមកអូសវា វាលើសហើយ ដូច្នេះបើយកតាមលក្ខណៈបច្ចេកទេស វា១៦ម៉ែត្រអត់បញ្ហាទេ។ ខ្ញុំអត់ហាមឃាត់ទេ ប៉ុន្តែបើវាស់ឃើញលើស ១៦ម៉ែត្រ ខ្ញុំកាត់ចេញកាត់ទ្រុងរថយន្ត អត់កាត់កុងតឺន័រទេ ដូចសម្តេចមានប្រសាសន៍អ៊ីចឹង គេអត់ឆ្កួតជាមួយទេ អ្នកឯងចង់ឆ្កួត ឆ្កួតទៅ គេមិនកាត់កុងតឺន័រទេ គេកាត់តួឡានហ្នឹង ច្បាប់គេកំណត់អ៊ីចឹង»។ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់។
សូមបញ្ជាក់ថា បន្ទាប់ពីមើលឃើញរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងជាដើមចមនាំឲ្យមានការដឹកលើសទម្ងន់នាំឲ្យខូចផ្លូវនោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីពិធីបើកការដ្ឋានសាងសង់ស្ពានក្រូចឆ្មារ -ស្ទឹងត្រង់ បានប្រកាសដាក់ចេញវិធានការកណ្តាប់ដៃដែក ដោយដាក់កំហិតចាប់ពីម៉ោង ១២៖០០នាទីរំលងអាធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ មិនឲ្យមានរថយន្តតទ្រុងខុសបច្ចេកទេសធ្វើចរាចរណ៍លើដងវិថីទៀតនោះឡើយ។ សម្តេចបានព្រមានថា មន្ត្រីចាប់ពីអភិបាលខេត្ត ដល់អភិបាលស្រុកនៅគ្រប់ដែលមានរថយន្តតទ្រុងខុសបច្ចេកទេសត្រូវទទួលខុសត្រូវ។ សម្តេចតេជោ បានព្រមានដកតំណែងអភិបាលខេត្ត អភិបាលស្រុក ដែលអនុញ្ញាតឲ្យមានរថយន្តតទ្រុងខុសបច្ចេកទេសថែមទៀតផង។
ក្រោយការព្រមាន និងការដាក់ចេញបទបញ្ជានេះទៅមន្ត្រីនៅគ្រប់រាជធានី ខេត្ត បានធ្វើសកម្មភាពព្រមៗគ្នាក្នុងការបោសសំអាតរថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស។ របាយការណ៍បានបង្ហាញថា មកដល់ពេលបច្ចុប្បន្នរថយន្ត ៤៥,៦១៣គ្រឿងត្រូវបានត្រួតពិនិត្យ, រថយន្ត ៧៩៧គ្រឿង ត្រូវបានកាត់ទ្រុង, រថយន្ត ៣៣៩គ្រឿង ត្រូវបានដោះរានខាងក្រោយ, រថយន្ត ១៧គ្រឿង ត្រូវបានឃាត់ទុករង់ចាំកាត់ទ្រុង។ ក្នុងនោះរកឃើញអ្នកបើកបរ ១២៨នាក់គ្មានបណ្ណបើកបរ រថយន្តគ្មានផ្លាកលេខ ៦២គ្រឿង ពាក់ផ្លាកលេខក្លែងក្លាយ ៣គ្រឿង រថយន្តដឹកសំពីងសំពោង ៦២៨គ្រឿង ខ្វះឯកសារ ៣៦២គ្រឿង និងរថយន្តត្រួតពិនិត្យឃើញត្រឹមត្រូវមាន ៤៣,២៧៧គ្រឿង៕