(កណ្តាល)៖ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំបុគ្គលិករបស់អង្គភាពព័ត៌មាន Fresh News អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពឧបាសិកា តាត់ ឡឹង អ្នកម្តាយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលបាននិងកំពុង រៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្នុងក្រុងតាខ្មៅ។
លោក លឹម ជាវុត្ថា តំណាងឲ្យបុគ្គលិកទាំងអស់របស់ Fresh News សូមចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ចំពោះការទទួលមរណភាពរបស់ មហាឧបាសិកា តាត់ ឡឹង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់មហាឧបាសិកា តាត់ ឡឹង គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត និងក្រុមគ្រួសារទាំងមូល។ មហាឧបាសិកា តាត់ ឡឹង បានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្ធាបរិច្ចាគរបស់មហាឧបាសិកា ពេលនៅមានព្រះជន្ម៕