(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានបញ្ជាកម្លាំងសមត្ថកិច្ចអាជ្ញាធរ ចុះវាយកម្ទេចទួលកាត់ទទឹងផ្លូវភ្លោះ នៅខាងជើងបុរីកាំកូស៊ីធី ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ដែលតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរជារឿយៗ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ លោក ប្រាជ្ញា សីហា អភិបាលរងខណ្ឌឬស្សីកែវ បានដឹកនាំចម្រុះ មានទាំងនគរបាល អាវុធហត្ថ និងកម្លាំងប្រជាការពារ ចុះវាយកម្ទេចទួលដែលតែងតែបង្កគ្រោះថ្នាក់នេះតែម្ដង។
ប៉ុន្ដែប្រតិបត្តិការវាយកម្ទេចនេះ មិនទទួលបានជោគជ័យនោះទេ ពោលមានការរារាំងពីថៅកែបុរីកាំកូស៊ីតធី ដែលជាជនជាតិកូរ៉េ យ៉ាងតឹងសរសៃកដាក់គ្នា ដោយក្រុមជនជាតិកូរ៉េទាំងនោះ បាននាំគ្នាអង្គុយនៅកណ្ដាលផ្លូវលើទួលនោះ និងអង្គុយលើគ្រឿងចក្ររបស់អាជ្ញាធរ ដែលយកទៅវាយកម្ទេច។
ម្ចាស់បុរីកាំកូស៊ីតធី ដែលបានមករារាំងអាជ្ញាធរនោះ បានអះអាងថា ផ្លូវនេះខាងបុរីជាធ្វើ ដូច្នេះហើយអាជ្ញាធរគ្មានសិទ្ធិមកវាយកម្ទេចទួលនេះទេ ព្រោះគេធ្វើដើម្បីកុំឲ្យមានការបើកលឿននៅម្ដុំនោះ។
អភិបាលរងខណ្ឌឬស្សីកែវ លោក បា្រជ្ញា សីហា បានពន្យល់ថា ទោះបីផ្លូវនេះខាងបុរីជាអ្នកធ្វើក៏ដោយ ក៏មិនអាចធ្វើទួលបានតាមចិត្តនោះទេ ព្រោះវាបង្កគ្រោះថ្នាក់ ដល់ពលរដ្ឋដែលធ្វើដំណើរ ហើយប្រសិនបើចង់ធ្វើត្រូវ មានការអនុញ្ញាតពីអាជ្ញាធរ មិនមែនធ្វើតាមចិត្តបែបនេះទេ។
ប៉ុន្ដែទោះជាយ៉ាងណា នៅវេលាម៉ោងប្រមាណ០៥៖២០នាទីល្ងាចថ្ងៃដដែល អាជ្ញាធរនៅតែបន្ដប្រតិបត្តិការវាយកម្ទេចនេះបានសម្រេចដោយជោគជ័យ ព្រោះក្រុមម្ចាស់បុរីមិនហ៊ានរារាំងបន្ដទៀត ដោយសារខ្លាចត្រូវនឹងអេស្កាវ៉ាទ័រ៕