(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញ ប្រកាសទទួលស្គាល់ សមាសភាពគណៈកិត្តិយស និងប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការ អនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលទើបកែសម្រួលថ្មី នៅសាលប្រជុំរោងកុនចាស់ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានអញ្ជើញពីសំណាក់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមកាកបាទក្រហមឃុំ/សង្កាត់ ស្រុក/ក្រុង និងអ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជា ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ២០០អង្គ/នាក់។
ក្នុងឱកាសនោះ ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី បានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង/ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់នូវការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១៖ ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងគណៈកិត្តិយស គណៈកម្មាធិការអនុសាខា និងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរ
២៖ ត្រូវមានការសហការ និងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ជាពិសេសរដ្ឋបាលស្រុក ក្នុងការបំពេញការងារមនុស្សធម៌ជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាក និងសេចក្ដីត្រូវការរបស់ប្រជាជនងាយរងគ្រោះ ក៏ដូចជាជនរងគ្រោះដោយសារគ្រោះថ្នាក់សង្គម និងគ្រោះធម្មជាតិ
៣៖ ត្រូវខិតខំពង្រឹង បង្កើនសមត្ថភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រី បុគ្គលិកអនុសាខា និងក្រុមកាកបាទក្រហមឃុំ/សង្កាត់ទាំងអស់ដើម្បីប្រសិទ្ធភាពការងារ
៤៖ ត្រូវបន្តពង្រឹងពង្រីកសមាជិកភាព កម្លាំងយុវជន និងអ្នកស័្មគ្រចិត្តបន្ថែមទៀត ដើម្បីឲ្យសកម្មភាពការងារមនុស្សធម៌របស់អនុសាខាកាន់តែមានភាពរស់រវើក ផុលផុស និងមានប្រសិទ្ធភាព
៥៖ ត្រូវរៀបចំចាត់ចែងកត់ត្រា ទុកដាក់ ថែរក្សាសម្ភារ ទ្រព្យសម្បត្តិរបស់អនុសាខាឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងត្រូវខិតខំពង្រឹងការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ចៀសវាងឲ្យបាននូវកំហុសឆ្គងផ្សេងៗ និងត្រូវរាយការណ៍មកសាខាថ្នាក់ខេត្តឲ្យបានជាប្រចាំ និងទៀងទាត់។
លោកស្រី បាន ស្រីមុំ ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ គណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលបានបំពេញ បេសកកម្ម មនុស្សធម៌ជួយដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋរងគ្រោះ ទទួលបានលទ្ធផលជោគជ័យ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ដែលលទ្ធផលនេះ ឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង អនុវត្តន៍តួនាទី ភារកិច្ចរបស់អនុសាខា និងសាខាស្របតាមយុទ្ធសាស្ត្រកាកបាទក្រហម កម្ពុជា ២០១១-២០២០ ក្រោមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពឆ្លាតវៃ របស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះជួយសង្គ្រោះបន្ទាន់ និងនាំយកស្បៀងអាហារ សម្ភារៈព្រមទាំងថវិការ ទៅឧបត្ថម្ភដល់ ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាត់ស្បៀង ស្ត្រីផ្ទុកមេរោគអេដស៍ កុមារកំព្រា ទុរគត់ជន និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដូចជា ភ្លើងឆេះផ្ទះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ ទឹកជំនន់ ចំនួន ១១៧៤គ្រួសារ៕