(បន្ទាយមានជ័យ)៖ អាវុធហត្ថឃាត់ខ្លួនប្ដីខ្វះការគិតពិចារណាម្នាក់ បញ្ជូនទៅកាន់តុលាការ ដោយហេតុឲ្យតែផឹកស្រាស្រវឹងម្ដងៗ ប្រើអំពើហិង្សាលើប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដែលនៅចំណុចភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក។
ការឃាត់ខ្លួននេះ យោងតាមពាក្យបណ្តឹងរបស់ប្រពន្ធឈ្មោះ លឿង លិន អាយុ៤៩ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ស្តីពីករណីហិង្សា ប្រព្រឹត្តដោយសហព័ទ្ធ កាលពីវេលាម៉ោង១២៖០០នាទី នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នៅភូមិ-ឃុំកើតហេតុខាងលើ។
លោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បានឲ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះថា ក្រោយទទួលបានពាក្យបណ្តឹង និងអនុលោមទៅតាមការណែនាំ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានចាត់តាំងកម្លាំងចុះប្រតិបត្តិការភ្លាមៗ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ណា ដារិទ្ធ (ត្រូវជាប្តីរបស់ជនរងគ្រោះ) អាយុ២៧ឆ្នាំ រស់នៅភូមិ/ឃុំ ជាមួយជនរងគ្រោះខាងលើ។
លោកវរសេនីយ៍ត្រីបានបញ្ជាក់ថា ក្រោយធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនត្រូវជាប្តីរបស់ជនរងគ្រោះ តែមិនបានរៀបចំតាមប្រពៃណីនោះទេ (យកគ្នាដោយមិនបានសែន ឬរៀបអាពាហ៍ពិពាហ៍នោះទេ) ហើយពួកគេទាំង០២នាក់ តែងតែផឹកស្រាជាប្រចាំថ្ងៃ ហើយនៅពេលស្រវឹងស្រាម្តងៗ តែងតែមានជម្លោះពាក្យសំដីជាប្រចាំ ដែលជនសង្ស័យតែងតែវាយធ្វើបាបជនរងគ្រោះ ជាប្រពន្ធរៀងរាល់ថ្ងៃ រហូតដល់មានស្លាកស្នាមជាំពេញខ្លួនតែម្ដង។
ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយត្រូវបានបញ្ជូនជនសង្ស័យបន្តទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕