(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុបចំនួន ៣៨៤,៨១៧ដុល្លារអាមេរិកបន្ថែមទៀត ដល់គម្រោងចំនួនបួន ក្រោមគម្រោងការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន និងជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។
ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងភាគីកម្ពុជា តំណាងដោយ៤ស្ថាប័ន។
ជំនួយឥតសំណងទាំងនេះ នឹងគាំទ្រដល់គម្រាងចំនួន៤នៅកម្ពុជា ក្នុងនោះរួមមាន៖
គម្រោងទី១៖ គម្រោងសាងសង់មជ្ឈមណ្ឌលសូត្រ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ នូវទឹកប្រាក់ចំនួន៩០,៨៣៤ដុល្លារអាមេរិក (អង្គភាពទទួលជំនួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)។
លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា គម្រោងនេះត្រូវបានរំពឹងថានឹងរួចចំណែកក្នុងការសូត្រ ដែលមានគុណភាពខ្ពស់ បង្កើនប្រាក់ចំណូលដល់កសិករ និងធ្វើឲ្យវិស័យឧស្សាហកម្មសិប្បកម្មសូត្រ បែបប្រពៃណីមានការរីកចម្រើន និងរស់ឡើងវិញនៅក្នុងប្រទេសកម្ពុជា។
គម្រោងទី២៖ គម្រោងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល នូវថវិការចំនួន ១១៤,៨២១ដុល្លារ (អង្គភាពទទួលជំនួយ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល)។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានថ្លែងថា តាមរយៈគម្រោងនេះ មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែថ្មីមួយនឹងត្រូវបានសាងសង់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាកន្លែងដាំដុះបន្លែធំទី២ នៅកម្ពុជា។ គម្រោងនេះនឹងរួមចំណែកក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្តទៅកាន់ទីផ្សារហើយ និងបង្កើតនូវស្លាកយីហោបន្លែរបស់ខេត្តកណ្តាល។ គេប៉ាន់ស្មានថាកសិករប្រមាណ ២ពាន់នាក់ នឹងអាចនាំចចេញបន្លែរបស់ពួកគេតាមរយៈមជ្ឈមណ្ឌលនេះ។
គម្រោងទី៣៖ គម្រោងសាងសង់ទ្វារទឹក និងជួសជុលសំណង់លូទោលសម្រាប់ប្រព័ន្ធធារាសាស្ត្រដំរែក ខេត្តកំពង់ឆ្នាំង នូវថិការចំនួន ៨៩,០០០ដុល្លារ (អង្គភាពទទួលជំនួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង)
លោក ថោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានលើកឡើងថា តាមរយៈគម្រោងនេះ ទំនប់ទឹកប្រវែង ១,៥០០ម៉ែត្រ នឹងត្រូវស្តារ និងជួសជុលឡើងវិញនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយគម្រោងនេះនឹងត្រូវគេរំពឹងថាមានប្រជាពលរដ្ឋប្រហែល៣ពាន់នាក់ ទទួលបានទឹកជាប្រចាំដើម្បីស្រោពស្រព ហើយទំនប់ទឹកនេះនឹងត្រូវប្រើប្រាស់ជាផ្លូវថ្នល់ក្រោយពេលបញ្ចប់គម្រោង។
និងគម្រោងទី៤៖ គម្រោងសាងសង់ផ្លូវបេតុង នៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង នូវថវិកាចំនួន ៨៩,២៦២ដុល្លារ (អង្គភាពទទួលជំនួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង)
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានលើកឡើងថា តាមរយៈគម្រោងនេះ ផ្លូវដែលមានស្រាប់ប្រវែង ៤៥៣ម៉ែត្រ នឹងត្រូវអភិវឌ្ឍទៅជាផ្លូវបេតុងដែលមានប្រព័ន្ធបង្ហូរទឹកនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករជិត ១៥,៧០០នាក់ នៅក្នុងតំបន់។ មិនតែប៉ុណ្ណោះតាមរយៈគម្រោងនេះ នឹងរំពឹងថាបានផ្តល់ភាពងាយ ស្រួលដល់ប្រជាជនក្នុងតំបន់ ក្នុងសាលារៀន មន្ទីរពេទ្យ ផ្សារ ជាពិសេសជួយលើកកម្ពស់ការដឹកជញ្ជូនគ្រឿងសមុទ្រស្រស់ៗ ពីទីផ្សារគ្រឿងសមុទ្រ ទៅកាន់តំបន់គោលដៅចែកចាយផងដែរ៕