(ភ្នំពេញ)៖ រថយន្ដដឹកជ្រូកមួយគ្រឿងបើកលឿនដូចហោះ ស្ទុះបុករះចូលផ្ទះសំអាងការយីហោ «មិការស្សា សុវណ្ណលាភ» នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿង ជាប្រភេទរថយន្តដឹកជ្រូក ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ2D-3083 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ៣៦៩ ទិសដៅពីជើងទៅត្បូង ល្បឿនលឿនដូចហោះ។

លុះមកដល់កន្លែងកើតហេតុ រថយន្ដដូចហោះនោះបានរ៉េចង្កូទៅបុកផ្ទះសំអាងការ បណ្ដាលឲ្យខូចខាតផ្ទះសំអាងការ មួយកំណាត់មុខទាំងស្រុង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ប្លោងទៅរបងដីឡូតិ៍ចំនួនមួយផ្ទាំងទៀតទើបអស់ល្បឿន។

បើតាមសេចក្ដីរាយការណ៍ ក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួសស្រាលម្នាក់ប៉ុណ្ណោះ៕