(ភ្នំពេញ)៖ ក្រសួងវប្បធម៌ សម្រេចពន្យារពេលទទួលស្នាដៃចូលរួមប្រកួតប្រជែងតែងនិពន្ធបទភ្លេង និងទំនុកច្រៀង រហូតដល់ចុងខែឧសភា ឆ្នាំ២០១៨ខាងមុខ ខណៈដើមឡើយក្រសួងគ្រោងប្រកាសលទ្ធផលក្នុងខែមីនានេះ។
លោក ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់មូលហេតុនៃការពន្យារពេលនេះដូច្នេះថា៖ «ការពន្យារដោយសារមានការសំណូមពរពីបេក្ខជន ដែលមានជិតពាក់កណ្តាលដែលរៀបចំឯកសារមិនទាន់ ហើយក្រសួងពន្យារពេលយូរដូច្នេះ ដើម្បីទុកឱកាសដល់បេក្ខជនទាំងចាស់ និងថ្មី ដាក់ពាក្យចូលរួមប្រឡងឲ្យបានកុះករ» ។
បើតាមលោក ចំរើន វ៉ាន់ថា ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅក្នុងខែមិថុនាឆ្នាំ២០១៨ ហើយពិធីប្រគល់ពានរង្វាន់ នឹងធ្វើឡើងក្នុងមហោស្រពភាពយន្តជាតិកម្ពុជា ដែលធ្វើឡើងនាអំឡុងចុងឆ្នាំ២០១៨នេះ។ ស្នាដៃរបស់បេក្ខជនចំនួន ៣ រូប/ក្រុម នឹងត្រូវបានជ្រើសរើសសម្រាប់ជ័យលាភីលេខ ១ ដល់លេខ ៣ ហើយ៣រូប/ក្រុម ទៀតក៏នឹងជ្រើសរើស ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តពីក្រសួងវប្បធម៌ដែរ។ នេះបើតាម ប្រធានគណៈកម្មការរៀបចំការប្រកួតដដែល។
សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំប្រកួតប្រជែងតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី ដែលមានលក្ខណៈជាខ្មែរ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ និងការតែងនិពន្ធបទចម្រៀង និងបទភ្លេង និងជាពិសេស ដើម្បីកាត់បន្ថយការចម្លងស្នាដៃបរទេស។
បទភ្លេង និងទំនុកច្រៀងរបស់បេក្ខជន ដែលទទួលបានចំណាត់ថ្នាក់ ក្រសួងនឹងយកមកផលិតជា CD និង VCD ដោយរក្សាសិទ្ធិសីលធម៌ជូនបេក្ខជន ប៉ុន្តែសិទ្ធិបេតិកភណ្ឌជាសិទ្ធិផ្តាច់មុខរបស់ក្រសួងវប្បធម៌។ បេក្ខជនដែលមានបំណងចូលរួមប្រកួត ត្រូវបំពេញពាក្យសុំចូលរួមប្រកួតជាមុនសិន ដែលពាក្យសុំនេះអាចទាញយកបានពីតំណភ្ជាប់នេះ KhmerCultureMinistry រួចផ្ញើមកកាន់គណៈកម្មការរៀបចំការប្រកួត តាមរយៈអ៊ីម៉ែល [email protected] ឬផ្ញើទៅកាន់ប្រអប់សារហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពីពិនិត្យឃើញថា បេក្ខជន បានបំពេញបែបបទត្រឹមត្រូវហើយនោះ គណៈកម្មការរៀបចំការប្រកួត នឹងឆ្លើយតបទៅកាន់បេក្ខជនវិញ តាមអ៊ីម៉ែល ឬប្រអប់សារដែលបេក្ខជនផ្ញើមក។
បេក្ខជនដែលទទួលបានសិទ្ធិចូលរួមប្រកួត ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីទទួលបានគោលការណ៍ណែនាលម្អិត ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការប្រកួត។ បើតាមគណៈកម្មការរៀបចំការប្រកួតបេក្ខជនអាចនិពន្ធជាលក្ខណៈបុគ្គល ឬជាក្រុម ដោយត្រូវនិពន្ធបទភ្លេង និងទំនុកច្រៀងចំនួន២បទ ដែលជាស្នាដៃនិពន្ធថ្មី និងមានលក្ខណៈជាតិ ហើយបេក្ខជន អាចជ្រើសរើសចង្វាក់ដោយសេរី លើកលែងតែចង្វាក់រ៉េប។
ចំពោះខ្លឹមសារនៃទំនុកច្រៀង ត្រូវបម្រើការអប់រំស្មារតីកូនខ្មែរ ឲ្យចេះស្រឡាញ់ ចេះអភិរក្សសម្បត្តិវប្បធម៌ ទឹកដី ព្រៃព្រឹក្សា ធម្មជាតិ និងភាពល្អប្រសើរ នៃទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលបង្កប់នូវរូបបារម្មណ៍ល្អ មានភាពទាក់ទាញ មានពាក្យពេចន៍រំលេច រណ្តំចិត្ត និងខ្លឹមសារប្រកបដោយគុណធម៌ សច្ចភាព និងការអប់រំបម្រើសង្គម។
បេក្ខជន ត្រូវថតទំនុកភ្លេង(អ័គកាដង់) និងទំនុកច្រៀង រួចផ្ញើមកកាន់គណៈកម្មការរៀបចំការប្រកួត តាមរយៈអាសយដ្ឋានអ៊ីម៉ែល [email protected] ឬផ្ញើទៅកាន់ប្រអប់សារហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។
ក្នុងករណីបេក្ខជន ពុំមានលទ្ធភាពប្រើប្រាស់តាមប្រពន្ធបច្ចេកវិទ្យា សូមទំនាក់ទំនងជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់រាជធានី/ខេត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ៖ ០១៦ ២២២ ៩២០ និង០១១ ៥៧៥ ៧៦៨ ៕