(ភ្នំពេញ)៖ ករណីស្រីស្អាតដែលជាមេម៉ាយកូន៣ ចងកសំលាប់ខ្លួននៅកណ្ដាលទីរួមខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ឥឡូវត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាឲ្យសមត្ថកិច្ចជំនាញពីក្រសួងចុះទៅបើកការស៊ើបអង្កេតឡើងវិញ ហើយដើម្បីស្វែងរកការពិតឲ្យឃើញ នេះបើយោងតាមប្រភពពីសមត្ថកិច្ច នៅក្នុងខេត្តតាកែវ។
សមត្ថកិច្ចខេត្តតាកែវ បានឲ្យដឹងថាប៉ុន្មានថ្ងៃនេះ គេឃើញមន្ត្រីនគរបាលមកពីក្រសួងមហាផ្ទៃ ដឹកនាំដោយលោកផ្កាយពីរ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានចុះទៅកាន់ខេត្តតាកែវ ដោយជួបជាមួយស្នងការខេត្ត អធិការ និងមន្ត្រីសមត្ថកិច្ចជាច្រើនទៀតពាក់ព័ន្ធ ករណីស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ចងកសំលាប់ខ្លួននៅក្នុងផ្ទះវីឡា ដែលខ្លួនជួលស្នាក់នៅជាមួយអ្នកបំរើ។
ការចុះទៅបើកការស៊ើបអង្កេតឡើងវិញនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា បន្ទាប់ពីមានបញ្ជាពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរួចមក។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងទៅលោកផ្កាយពីរ ប៉ុល រតនា ដើម្បីសាកសួរព័ត៌មានបានឡើយដោយទូរស័ព្ឌមិនចូល។ ចំណែកលោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានថ្លែងប្រាប់តាមទូរស័ព្ឌ នៅរសៀលថ្ងៃនេះអោយដឹងថា ពិតជាមានមន្ត្រីមកពីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះមកសហការជាមួយកំលាំងរបស់លោកចុះទៅពិនិត្យទីតាំងកើតហេតុប្រាកដមែន(ផ្ទះស្ត្រី ចេវ សុវឌ្ឍនា ចងកសំលាប់ខ្លួន) តែក្រោយពីពិនិត្យហើយ ក៏ត្រឡប់ទៅវិញបាត់អស់ទៅ ដោយលោកមិនដឹងពីគោលបំណងអ្វីទេ។
ប៉ុន្តែបើសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្រោយកើតមានករណីស្ត្រីមេម៉ាយកូន៣ ចងកសំលាប់ខ្លួនដោយគ្មានមូលហេតុច្បាស់លាស់ ដោយគេគ្រាន់តែធ្វើការសនិ្នដ្ឋានថា ករណីចងកសំលាប់ខ្លួននេះ គឺសង្ស័យមានវិបត្តិ ស្នេហារួចមក មានមតិមួយចំនួនបានដាក់ការសង្ស័យថា ករណីនេះអាចមិនមែនជាករណីចងកធ្វើអត្តឃាតនោះឡើយ សង្ស័យពាក់ព័ន្ធករណីអ្វីផ្សេងទៅវិញ។
មិនតែប៉ុណ្ណោះ អ្នកលេងហ្វេសប៊ុកមួយចំនួន ខណៈមើលឃើញសភាពសពបានសន្និដ្ឋានថា បើចងកសំលាប់ខ្លួនមែនដៃសពច្បាស់ជាធ្លាក់ចុះក្រោមត្រង់ហើយ មិនមែនដៃទាំងពីរកាន់ខ្សែនៅត្រង់កជាប់នោះទេ ហាក់ដូចជាមុនស្លាប់នាងព្យាយាមទាញខ្សែកុំអោយរិតកនោះទេ ហើយនៅក្បែរកន្លែងកើតហេតុ មិនមានកំណល់ដើម្បីឡើងឈរទៀតផង។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា កាលពីយប់ម៉ោង១៩ និង៣០នាទី ថ្ងៃទី២៦ មករា ឆ្នាំ២០១៨ សពអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានអ្នកបម្រើក្នុងផ្ទះប្រទះឃើញចងកនៅក្នុងបន្ទប់ដេក ដោយនាងបានធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែវាំងនន ចងកទៅនឹងចម្រឹងបង្អួច នៅចំណុចភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ក្នុងផ្ទះជួលបើកអាជីវកម្មមួយកន្លែង។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសពដោយបានរកឃើញថា ជនរងគ្រោះពិតជាបានយកខ្សែវាំងនន មាត់បង្អួចចងកំពស់ពីកំរាលឥដ្ឋ២៤០សង់ទីម៉ែត្រ និងពីកន្លែងចងមកកមានប្រវែង៧០សង់ទីម៉ែត្រ ពីចុងជើងមកកំរាលឥដ្ឋ២០សង់ទីម៉ែត្រ ។មូលហេតុដែលនាំឲ្យស្ត្រីរូបនេះចងកសម្លាប់ខ្លួនបន្សល់ទុកឲ្យកូនៗ៣នាក់នៅកំព្រា មិនទាន់មានការអះអាងឲ្យច្បាស់លាស់នោះទេ តែសមត្ថកិច្ចសង្ស័យថា មានវិបត្តិស្នេហា ព្រោះនៅក្នុងកាបូបយួរដៃ ស្ថិតនៅលើតុក្បែរជញ្ជាំងពីខាងកើតគ្រែដេកមានស្រោមសំបុត្រ ពណ៌កាគីហែកដាច់ជាពីរផ្ទាំង មានសរសេររៀបរាប់រឿងវិបត្តិស្នេហាផ្ទាល់ខ្លួន ។
ទោះជាយ៉ាងនេះក្តី សាធារណជនបានដាក់ការសង្ស័យថា ការស្លាប់របស់នារីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំនេះ ជា «ឃាតកម្ម» មិនមែនជា «អត្តឃាត» នោះទេ បន្ទាប់ពីពួកគាត់សង្កេតទៅលើខ្សែវាំងននដែលចងនៅជាប់នឹង-ករបស់នារីរងគ្រោះ។ តែយ៉ាងណាផ្នែកជំនាញរបស់ សមត្ថកិច្ចបានអះអាងរួចហើយថា នេះពិតជាករណី «អត្តឃាត» ប្រាកដមែន ។ ឥឡូវរឿងរ៉ាវពិតយ៉ាងណានោះ គេនៅមិនទាន់ដឹងឡើយ ដ៏រាបណាលទ្ធផលស៊ើបអង្កេតឡើងវិញនៅមិនទាន់ចេញជាផ្លូវការនោះ ៕