(តាកែវ)៖ អភិបាលខេត្តតាកែវ​ លោក ឡាយ វណ្ណៈ ​និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ បានធ្វើការណែនាំដោយផ្ទាល់ ចំពោះ​ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សុខ សំណាង ត្រូវ​ចុះពង្រឹង និងត្រួតពិនិត្យកិច្ចការងាររបស់ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង១០០ឃុំសង្កាត់ នៅទូទាំងខេត្តតាកែវ។

គោលបំណងនៃការណែនាំនេះ ត្រូវបានលោកអភិបាលខេត្ត បញ្ជាក់ថា ដើម្បីពង្រឹងតួនាទីភារកិច្ច មន្ដ្រីនគរបាល ក៏ដូចជាការលើទឹកចិត្តដល់មន្ដ្រីនគរបាលប៉ុស្ដិ៍ ក្នុងការបំពេញតួនាទីភារកិច្ច ឲ្យស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

លោក ឡាយ វណ្ណៈ បានសង្កត់ធ្ងន់ថា​ ត្រូវចុះពិនិត្យស្ថានភាពទីកន្លែង​ ដែលមិនទាន់មានរៀបរយសមរម្យ ក្នុងការពិនិត្យមើលលទ្ធភាពគៀងគរថវិកា ដើម្បីជួយធ្វើការសាងសង់ ឬជួសជុលទីតាំងប៉ុស្ដិ៍រដ្ឋបាលណាដែលមិនទាន់សមរម្យទាំងនោះឡើយ ដែលមានប្រមាណ៤០ប៉ុស្ដិ៍នគរបាលរដ្ឋបាល។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏ណែនាំដល់លោកស្នងការ ត្រូវបែងចែកស្នងការរងទទួលបន្ទុកកិច្ចការងារនេះឲ្យបានច្បាស់លាស់ ដើម្បីចុះពិនិត្យគ្រប់ឃុំសង្កាត់។

សូមជម្រាបថា ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោក អញ្ជើញចុះពង្រឹងកិច្ចការងារ និងលើកទឹកចិត្តដល់មេឃុំ ចៅសង្កាត់ នៅតាមឃុំសង្កាត់ទូទាំងខេត្ត៕