(ភ្នំពេញ)៖ អគ្គនាយកពន្ធដារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី ពាក់ព័ន្ធរឿងរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តាច់ជំនួយបច្ចេកទេស ដល់អគ្គនាយកដ្ឋានពន្ធដារ គឺជាការភូតភរបោកប្រាស់ប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីបំភ្លឺ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ។
បើតាមសេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ចំពោះការលើកឡើងថា សហរដ្ឋអាមេរិក សម្រេចកាត់ផ្តាច់ជំនួយបច្ចេកទេស ជូនអគ្គនាយកដ្ឋានពន្ធដារនោះ ជាការចុះផ្សាយមិនមានមូលដ្ឋានច្បាស់លាស់ និងភូតភរកុហកសាធារណជន ព្រោះជំនួយបច្ចេកទេសរបស់ សហរដ្ឋអាមេរិកដែលបាន ផ្តល់ជូនអគ្គនាយកដ្ឋានពន្ធដារ គឺត្រូវបានបញ្ចប់ តាំងពីឆ្នាំ២០១៦ម្ល៉េះ ដែលពេលនោះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំពីធីបំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ជូនលោក Bob Wenzed ជាប្រធានគម្រោង និងសហសេវិក ហើយលោកឯកអគ្គរដ្ឋទូត William A. Heidt ក៏បានចូលរួមជាធអិបតីក្នុងពេលនោះផងដែរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។
អគ្គនាយកពន្ធដារ បានឲ្យដឹងបន្តថា ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានមិនដែលទទួលជំនួយបច្ចេកទេស ពីសហរដ្ឋអាមេរិកនោះទេ គឺអគ្គនាយកដ្ឋានបាន និងកំពុងពង្រឹងសមត្ថភាពដោយខ្លួនឯង។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ធ្ងន់ៗថា «ដូច្នេះ ការលើកឡើងថា សហរដ្ឋអាមេរិកផ្តាច់ជំនួយ មកអគ្គនាយកដ្ឋាពន្ធដារនោះ គឺជារឿងមិនពិតទេ គឺជាការបំផ្លើសទាំងស្រុង»។
សូមជម្រាបជូនថា ថ្មីៗនេះ វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) បានចុះផ្សាយអត្ថបទមួយ ស្តីអំពីការសម្រេចកាត់ផ្តាច់ជំនួយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់កម្ពុជា ក្នុងនោះក៏មានជំនួយបច្ចេកទេស ជូនអគ្គនាយកដ្ឋានពន្ធដារផងដែរ ដោយលើកហេតុផលថា មកពីស្ថាប័ននោះមានជាប់ពាក់ព័ន្ធទៅនឹង ការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការធ្វើទុក្ខបុកម្នេញ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយប្រព័ន្ធឯករាជ្យ នៅកម្ពុជាជាដើម៕
(រូបភាពថ្ងៃដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំពាក់គ្រឿងឥស្សរិយយស មេដាយសហមេត្រី ជូនលោក Bob Wenzed ហើយលោកឯកអគ្គរដ្ឋទូត William A. Heidt ក៏បានចូលរួមក្នុងពិធីនោះផងដែរ)