(ភ្នំពេញ)៖ វិនិយោគិនកូរ៉េខាងត្បូង បានធានាអះអាង នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថា ខ្លួននឹងបន្ដដំណើរការ គំរោងសាងសង់អាគារខុនដូរ Golden Tower ៤២ជាន់ និងគំរោងនៅកាំកូស៊ីតធី បើទោះបីជាបានផ្អាកដំណើរការ ក្នុងរយៈកាលកន្លងមក ក៏ដោយ។
ការអះអាងជាថ្មីនេះ ធ្វើឡើងក្នុងឱកាសដែលលោក Yoon Soon-Gu អនុរដ្ឋមន្ដ្រីការបរទេស ទទួលបន្ទុកកិច្ចការនយោបាយ របស់ប្រទេសកូរ៉េខាងត្បូង ដឹកនាំប្រតិភូវិនិយោគ ចូលជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសដែលទើបចេញផ្សាយនៅថ្ងៃនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបានលើកឡើងថា «ក្នុងកិច្ចជំនួបនោះ អនុរដ្ឋមន្ដ្រីការបរទេស ទទួលបន្ទុកកិច្ចការនយោបាយ របស់ប្រទេសកូរ៉េខាងត្បូង បានអះអាង ពីបំណងរបស់រដ្ឋាភិបាលកូរ៉េ បន្ដជំរុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ពិសេសលើការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគ។ គណៈប្រតិភូក៏បានជម្រាប លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ពីបំណងរបស់វិនិយោគិនកូរ៉េ បន្ដដំណើរការគំរោងសាងសង់អាគារខុនដូរ ៤២ជាន់ និងគំរោងនៅកាំកូស៊ីធី ដែលបានផ្អាកដំណើរការ ក្នុងរយៈកាលកន្លងមកផងដែរ»។
លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានធ្វើការកត់សម្គាល់ពីការ ថ្លែងប្រកាសរបស់លោកប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ អំពីបំណងបំពេញទស្សនកិច្ច នៅតាមបណ្ដាប្រទេសអាស៊ាន និងបានគូសបញ្ជាក់ថា កម្ពុជាត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចនេះ។
លោកទេសរដ្ឋមន្ដ្រី បានលើកឡើង ពីការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងទំនាក់ទំនងផ្នែកទេសចរណ៍ រវាងប្រទេសទាំងពីរ និងពីសារៈប្រយោជន៍ នៃការបង្កើត ឲ្យមានជើងហោះហើរ ត្រង់កម្ពុជា-កូរ៉េ ដែលមិនត្រឹមរួមចំណែក សម្រួលដល់ទំនាក់ទំនងទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តែក៏ជួយសម្រួលផលដែរ ដល់ការផ្សាភ្ជាប់កម្ពុជា ជាមួយពិភពលោក។
សូមជម្រាបថា អគារ Golden Tower ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០០៨ និងបានផ្អាកសកម្មភាពសាងសង់ជាច្រើនលើក រហូតមកទល់ពេលនេះ ដែលសម្រេចបានត្រឹម៣១ ជាន់នៃគម្រោង ៤២ជាន់។ ក្រុមហ៊ុន Yon Woo បានចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុន Hongtao Decoration និងក្រុមហ៊ុន Waiman Construction & Engineering ពីប្រទេសចិន ដើម្បីបន្តដំណើរការសាងសង់អគារ៤២ជាន់នេះ។
លោក Kim Tae Yeon ប្រធានក្រុមហ៊ុន Yon Woo បានអះអាងថា បន្ទាប់ពីមានកិច្ចសន្យានេះ ដំណើរការសាងសង់នឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៨ និងបញ្ចប់គម្រោងនៅចុងឆ្នាំ២០១៩។
លោកបន្ថែមថា ការសាងសង់ដែលបានផ្អាកដំណើរការកន្លងមកនេះ ក្រុមហ៊ុនបានចំណាយទុនប្រមាណ ១០០លានដុល្លារ ហើយគ្រោង១៤០លានដុល្លារទៀត ដើម្បីសាងសង់បញ្ចប់គម្រោង។ បើតាមប្រធានក្រុមហ៊ុន Yon Woo រូបនេះ អគារ Golden Tower ទាំងមូលនៃគម្រោង គឺរួមមានបន្ទប់ស្នាក់នៅចំនួន ៣៩៩យូនីត ផ្សារទំនើប និងការិយាល័យ៕