(បាត់ដំបង)៖ ខ្មាន់កាំភ្លើងដែលបើករថយន្ត ទៅតាមបាញ់ជនរងគ្រោះប្រុសស្រី២នាក់ ដល់មុខផ្ទះក្នុងខណ្ឌសែនសុខ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានគេដឹងច្បាស់ហើយថា ជាមន្រ្តីយោធាបម្រើការងារ នៅយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបងមានឈ្មោះ ប៊ុន តេង អាយុ៣២ឆ្នាំ។
ចំពោះទង្វើមន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលបាញ់មនុស្សយ៉ាងអនាធិបតេយ្យខាងលើនេះ នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់ពីជំហរយ៉ាងច្បាស់ថា ក្នុងនាមថ្នាក់ដឹកនាំកងយោធភូមិភាគទី៥ សូមគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់សមត្ថកិច្ច ទៅលើបុគ្គលដែលបានប្រើប្រាស់អាវុធបាញ់បោះសេរី ដោយខុសច្បាប់ ហើយបានរត់គេចខ្លួនបាត់ ដែលជនល្មើសនោះជាមន្រ្តីយោធាក្នុងអង្គភាពយោធភូមិភាគទី៥ របស់យើង។
នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យរបស់យោធភូមិភាគទី៥ ឧត្តមសេនីយ៍ទោ កែវ ចំរើន បានបញ្ជាក់ភ្នាក់ងារព័ត៌មានប្រចាំខេត្តបាត់ដំបង លោក សួន សាមឌី យ៉ាងដូច្នេះថា «នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលប្រព្រឹត្តបទល្មើសទោះកំរិតណាក៏ដោយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ នូវកំហុសរបស់ខ្លួនដែលបានប្រព្រឹត្ត និងគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ច ដើម្បីពង្រឹងនីតិរដ្ឋ ហើយបានប្រកាសឲ្យសាមីខ្លួន ជាជនល្មើសត្រូវតែចេញមុខមកសារភាពនឹងទទួលខុសត្រូវចំពោះមុខច្បាប់»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវតាមប្រមាញ់យ៉ាងប្រកិត រហូតឈានទៅកំណត់មុខសញ្ញាជនដៃដល់ ដោយធ្វើការឡោមព័ទ្ធលំនៅឋានជនដៃដល់ស្ថិតក្នុងបុរីសុភមង្គលផ្ទះលេខ T53A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ក្នុងប្រតិបត្តិការឆែកឆេរនេះ កម្លាំងនគរបាលដកហូតបានរថយន្តមួយគ្រឿង ម៉ាក Range Rover ពាក់ស្លាកលេខ 2R-6967 ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស និងសម្ភារមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចេញដីកាតាមចាប់ខ្លួន។
ប្រតិបត្តិការនេះ ស្ថិតនៅក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ជនដៃដល់ដែលសមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនត្រូវបានស្គាល់គឺឈ្មោះ ប៊ុន តេង ហៅហ្គោ អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ។ ជននេះមានស្រុកកំណើតនៅភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ចាប វីលី អាយុ៣១ឆ្នាំ និងមានកូន២នាក់។
បើតាមស្ត្រីជាប្រពន្ធ បានឱ្យសមត្ថកិច្ចដឹងថា ប្តីរបស់គាត់នេះបានគេចខ្លួនចេញពីផ្ទះ តាំងពីវេលាព្រឹកព្រលឹមដែលសង្ស័យថា ទំនងជាដឹងខ្លួនមុន ព្រោះលំនៅឋានដែលស្នាក់នៅ មានបំពាក់សុទ្ធតែកាមេរ៉ាសុវត្ថិភាព អាចគេចទៅតាមផ្លូវក្រោយ។ ទាក់ទិនរឿងរ៉ាវថា ប្តីបាញ់សម្លាប់គូស្នេហ៍នោះ ស្ត្រីជាប្រពន្ធពុំបានដឹងនោះទេ។
មន្រ្តីនគរបាលជំនាញ បានឲ្យដឹងថា ការឈានទៅដល់ការកំណត់បានមុខសញ្ញាខ្មាន់កាំភ្លើងនេះ ក្រោយពីមានការបាញ់ប្រហារជាច្រើនគ្រាប់ គឺត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ពីរថយន្ត RANGE ROVER ពណ៌ស និងមានផ្លាកលេខយ៉ាងច្បាស់ ហើយរថយន្តនេះ ត្រូវម្ចាស់តែងតែបានដឹកស្ត្រីរងគ្រោះមកផ្ទះជួលរបស់នាង តែក្រោយមកប្រហែលជាស្នេហ៍បែកបាក់ នាងក៏មានស្នេហ៍ថ្មី ទើបជននេះគិតខ្លី ក៏តាមព្យាបាទដល់អាយុជីវិតតែម្តង។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះដែល ឃាតករតាមបាញ់សម្លាប់នេះទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបេរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់។
ពេលនេះជនរងគ្រោះ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីធ្វើការវះកាត់រួចហើយ និងបន្តព្យាបាលដោយការលាងមុខរបួសផងដែរ។ រវាងបុរស និងស្រីដែលរងរបួស ត្រូវបានគេដឹងថា បុរសជាគូស្នេហ៍រងរបួសធ្ងន់ជាងខាងស្រី តែសំណាងការបាញ់នោះ មិនបានឆក់យកជីវិតពួកគេទាំងអស់នោះទេ៕
លោកឧត្តមសេនីយ៍ទោ ប៊ុន សេង មេបញ្ជការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥
លោកឧត្តមសេនីយ៍ទោ កែវ ចំរើន អ្នកនាំពាក្យយោធភូមិភាគទី