(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រី សូ សយ អភិបាលរងក្រុងបាវិតបានឲ្យដឹងថា ការងារអនាម័យបរិស្ថានក្នុងក្រុងបាវិត គឺអាជ្ញាធរធ្វើជាប្រចាំជាមួយស្ថាប័ន ដែលពាក់ពន្ធ័ទាំងអស់ និងមានការចូលរួមពីសិស្សានុសិស្ស ដើម្បីឲ្យមានសោភ័ណ្ឌភាពក្នុងទីក្រុងស្អាត់ល្អ និងគ្មានសំរាមផងដែរ។
លោកស្រី សូ សយ អភិបាលរងក្រុងបាវិតបានថ្លែងប្រាប់ភ្នាក់ងារ FreshNews តាមទូរស័ព្ទឲ្យដឹងថា «អាជ្ញាធរក្រុងបាវិតមិនដែលព្រងើយកន្តើយចំពោះបញ្ហាអនាម័យបរិស្ថាននៅតាមផ្លូវសាធារណៈ តាមបណ្តារោងចក្រសហគ្រាសនានា និងទីប្រជុំជននោះទេ គឺយើងបានសហការយ៉ាងល្អជាមួយបណ្តាអង្គភាពដែលពាក់ព័ន្ធជាពិសេសជាមួយក្រុមហ៊ុនហាយប្រីដ ដែលទទួលខុសត្រូវប្រមូលសំរាមកាកសំណល់ផ្ទះបាយ គឺមិនឲ្យមានកកស្ទះនោះទេ»។
លោកស្រីបានបញ្ជាក់ថា អាជ្ញាធរតែងតែដឹកនាំមន្ត្រីសាលាក្រុង សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ចូលរួមធ្វើអនាម័យសម្អាតទីក្រុងក្នុង១ខែ បានពីដងទៅបីឯណោះ។
ពាក់ពន្ធ័ករណីនេះ បើតាមការឲ្យដឹងពីក្រុមហ៊ុន ហាយប្រីដដែលទទួលខុសត្រូវប្រមូលសម្រាមនៅក្រុងបាវិតបានឲ្យដឹងថា សព្វថ្ងៃក្រុមហ៊ុន
មានរថយន្តដឹកសំរាមប្រមាណ១៤គ្រឿង និងកម្មករ៤៧នាក់ ក្នុងការប្រមូលសំរាមតាមផ្លូវសាធារណៈ ទីប្រជុំជនតាមបណ្តារោងចក្រសហគ្រាសនៅទូទាំងក្រុងបាវិតក្នុងមួយថ្ងៃប្រមូលសំរាមបាន ៨០តោន ហើយក្រុមហ៊ុនមានទីតាំងដីចាក់សំរាមចំនួន១០ហិកតា នៅភូមិច្រកម្ទេស និងភូមិធ្លក សង្កាត់ច្រកម្ទេសក្រុងបាវិត។
បើតាមការបញ្ជាក់របស់បុរសម្នាក់ដែលតំណាងឲ្យក្រុមហ៊ុន ហាយប្រីដ ក៏បានអំពាវនាវដល់កម្មកររោងចក្រសហគ្រាសទាំងអស់ សូមចូលរួមសម្អាតអនាម័យទីក្រុងទាំងអស់គ្នា
គឺមិនត្រូវចោលសំរាមពាសវាលពាសកាលនោះទេ ត្រូវដាក់ក្នុងធុងសំរាមដើម្បីងាយស្រួល ក្នុងការប្រមូលសំរាមមិនឲ្យមានការកកស្ទះផងដែរ។
សូមរំលឹកថា ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរក្រុងបានបើកយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីទីក្រុងស្អាត និងចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតខួបលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ "ទីក្រុងស្អាតដើម្បីយើងទាំងអស់គ្នា" ហើយយុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងបញ្រ្ជាបសកម្មភាព ទៅដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអាជីវករទាំងអស់ ឲ្យមានការយល់ដឹងពីការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ និងអនាម័យល្អ ជាពិសេសគឺចូលរួមលើកកម្ពស់ដល់កិច្ចគាំពារបរិស្ថានផងដែរ៕