(ភ្នំពេញ)៖ សុខភាពពិតជាមានសារសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ដូច្នេះជាការយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះ លោក គង់ វុទ្ឋី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្រ្តីក្រោមឱវាទ បន្តចុះត្រួតពិនិត្យចំណីអាហារ និងគ្រឿងឧបភោគបរិភោប ក្នុងផ្សារកណ្តាល ដែលអាចបង្កផលប៉ះពាល់ ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ និងណែនាំដល់អាជីវករនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។
លោក គង់ វុទ្ឋី បានឱ្យដឹងថា សកម្មភាពនេះ លោកបានដឹកនាំមន្រ្តីជំនាញ ចុះទៅតាមផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលនេះជាការយកចិត្តទុកដាក់ពីសំណាក់ ប្រធានប្រតិភូទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ រួមទាំងមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ។
លោកអនុប្រធាន បានណែនាំយ៉ាងទទូចដល់បងប្អូនអាជីវករដែលលក់បន្លែ ចំណីអាហារ និងគ្រឿងឧបភោគបរិភោពនៅក្នុងផ្សារដើមគ នៅពេលដែលទទួលយកមកលក់បន្ត ត្រូវណែនាំដល់ម្ចាស់ដើមកុំឲ្យដាក់នូវសារធាតុគីមីផ្សេងៗ ហើយនៅពេលដែលយកមកលក់ហើយនោះ កុំបន្ថែមនូវសារធាតុគីមីហាមឃាត់ ដែលបង្កហានិភ័យនិងផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះ យើងជាអ្នកលក់អាចប្រឈមនៅចំពោះមុខច្បាប់ថែមទៀតផង។
មិនតែប៉ុណ្ណោះការយកទំនិញគ្រប់ប្រភេទ ត្រូវមានប្រភពច្បាស់លាស់ពីអ្នកលក់ ជៀសវាងនូវបន្លែ ផ្លែឈើ និងមុខទំនិញដែលគ្មានគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ជាដើម ពិសេសប្រហិត និងគ្រឿងសមុទ្រ ត្រូវដាក់ទឹកកកអោយបានគ្រប់គ្រាន់ បើមិនដូច្នេះវាអាចនឹងឆាប់ខូច ដោយយើងមិនបានដឹង និងលក់ចែកចាយបន្តអោយអ្នកយកទៅទទួលទាន។
លោក គង់ វុទ្ឋី បញ្ជាក់ថា ការចុះប្រតិបត្តិការនេះ មន្រ្តីជំនាញបានយកមុខទំនិញទាំងអស់ចំនួន៦៩គំរូ ទៅពិនិត្យលើរថយន្តពិសោធន៍ចល័តភ្លាមៗ ដោយក្នុងនោះរកឃើញស្ពៃចង្កឹះ២គីឡូ ជីរណាកន្លះគីឡូ និងស្ពៃចិន២គីឡូក្រាម ដែលមានសារធាតុសំណល់ថ្នាំសម្លាប់សត្វល្អិត ដោយដកហូតយកទៅកម្ទេចចោល ជៀសវាងចែកចាយលើទីផ្សារ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយសកម្មភាពនេះ លោកនៅតែបន្តធ្វើឱ្យដូចភ្លៀងរលឹម ហើយលោកសង្ឃឹមជឿជាក់ថា អាជីវករនៅតាមផ្សារនឹងចូលរួមសហការ និងចែករំលែកនូវការយល់ដឹងនេះ ទៅកាន់ប្រជាកសិករផងដែរ៕