(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានស្នើឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក OH Nak-Young ជួយស្វែងរកដៃគូអ្នកវិនិយោគទុន លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ ជនជាតិកូរ៉េឲ្យមកកាន់ខេត្តសៀមរាប ដែលជាខេត្តទេសចរវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ និងបានក្លាយជាខេត្តគោលដៅ នៃភ្ញៀវទេសចរលើពិភពលោកចូលមកទស្សនាកម្សាន្ត។
ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា លោក OH Nak-Young បានប្ដេជ្ញាថា នឹងធ្វើការជម្រុញដល់អ្នកវិនិយោគ និងសហគ្រិន ដើម្បីចូលមកធ្វើការសិក្សាស្វែងយល់ អំពីសក្ដានុពលរបស់ខេត្ត ដើម្បីមកធ្វើការវិនិយោគនៅខេត្តសៀមរាប សំខាន់លើទីផ្សារទំនើប និងមន្ទីពេទ្យ នៅក្រុងប្រវត្តិសាស្រ្តមួយនេះ
សំណើរនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសលោកអភិបាលខេត្តសៀមរាប អនុញ្ញាតឲ្យ លោក OH Nak-Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅរដ្ឋបាលខេត្តសៀមរាប។
ក្នុងកិច្ចស្វាគមន៍ លោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ដំណើរទស្សនៈរបស់គណៈប្រតិភូនាពេលនេះ ក្នុងគោលបំណងជម្រុញលើកកម្ពស់ ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេឡើង ហើយលោកបានធ្វើការជម្រាបជូនគណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើសក្តានុពល នៃវិស័យសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍។
ម៉្យាងទៀត ខេត្តបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាបរិស្ថាន អនាម័យ និងសន្តិសុខទេសចរណ៍ ហើយចំពោះវិស័យកសិកម្មរបស់ប្រជាកសិករ នៅមានកម្រិត សំខាន់រាល់កសិផលកសិកម្ម នៅមានកង្វះខាងបច្ចេកទេសវិចខ្ចប់ និងវិស័យទេសចរណ៍នៅមានកង្វះខាតនៅឡើយលើហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យខេត្តទាមទារគ្រប់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស។
បើតាមលោក ឃឹម ប៊ុនសុង នៅពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសចិន បានធ្វើការសាងសង់ព្រលានយន្តហោះ នៅខេត្តសៀមរាបបានរួច រាល់ហើយនោះ កំណើននៃភ្ញៀវទេសចរកើនទ្វេរឡើង ក៏ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រជាជនខេត្តសៀមរាប កាន់តែមានភាពល្អប្រសើរថែមទៀត។
ជាមួយគ្នានោះ លោក OH Nak-Young ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាលសក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ដែលបានក្លាយជាខេត្តគោលដៅ នៃភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ច មិនចេះរីកស្ងួតរបស់កម្ពុជា៕